រាជធានីភ្នំពេញ៖ បុរសម្នាក់ទើបនឹងចេញពីពន្ធនាគារមិនបានប៉ុន្មានផង បែរជាគេទៅបង្កនូវអំពើហិង្សា កាប់ប្រហារទៅលើគូទំនាស់ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្បែរវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរស២នាក់ កើតការឈ្លោះទាស់ទែងគ្នា។ ប៉ុន្ដែដោយសារតែជនបង្កមិនចេះទប់កំហឹង ក៏ស្ទុះកាប់ប្រហារទៅលើគូទំនាស់ បណ្ដាលឲ្យរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនបង្ក នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ និង ចាត់ការបន្ដតាមច្បាប់។ ដោយឡែកជនរងគ្រោះ ត្រូវបានក្រុមរថយន្ដសង្គ្រោះ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ៕