ប្រវត្តិវិទូកំពុងរួមគ្នាចងក្រងប្រវត្តិសាស្ដ្រខ្មែរ៥ដំណាក់កាល ដើម្បីបញ្ឈប់​ការខ្វែងគំនិតគ្នា​រវាងខ្មែរ និងខ្មែរ

07-វិច្ឆិកា-2024 - ម៉ោង 03:36:PM

អ្នកជំនាញផ្នែកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា បាន​នឹង​កំពុង​រួមគ្នា​សរសេរ​ចងក្រងប្រវត្តិសាស្ត្ររបស់កម្ពុជា ចំនួន៥ដំណាក់កាល ឱ្យបានច្បាស់លាស់ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់ បាន យល់ដឹង លែងខ្វែងគំនិតគ្នាទៅលើបញ្ហាប្រវត្តិសាស្ត្រខ្លួនឯង ។

 

ក្នុងសន្និសីទអន្តរជាតិ ស្ដីពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាក្នុងសម័យអាណានិគមបារាំង ដែល​មាន​វាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបធ្វើបទបង្ហាញ រយៈពេល២ថ្ងៃ គឺថ្ងៃទី៧ និងទី៨ ខែវិច្ឆិកា នេះ ឯក​ឧត្តមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា សម្រាប់​ឯកសារប្រវត្តិសាស្ត្រទាំង៥ ដំណាក់កាល
ទី១. សម័យបុរេប្រវត្តិ,
ទី២. សម័យមុនអង្គរ
ទី៣. សម័យអង្គរ
ទី៤. សម័យក្រោយអង្គរ
ទី៥. សម័យទំនើប ដែលទាំងអស់នេះ គណៈ​កម្មការ​ស្រាវ​ជ្រាវ កំពុងធ្វើការចងក្រង ។

 

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានមាន​ប្រសាសន៍ថា ការសរសេរឡើងនូវប្រវត្តិខ្មែរឱ្យបានច្បាស់លាស់នេះ មិនមែនជាការចង់កកូរកកាយ ធ្វើ​ឱ្យ​មានការរើសអើង ជាមួយប្រទេសនានា ឬចង់បង្កបញ្ហាអ្វីនោះទេ គឺគ្រាន់តែចង់ឱ្យ​កូន​ខ្មែរ​បាន​ដឹង​ពី​ប្រវត្តិខ្មែរពិតប្រាកដ ច្បាស់ លាស់ ដើម្បីកុំឱ្យមានការខ្វែងគំនិតគ្នា ។

 

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា សម្រាប់សន្និសីទអន្តរជាតិ ស្ដីពីប្រវត្តិសាស្ត្រ​កម្ពុជា ក្នុងសម័យអាណានិគមបារាំង ធ្វើឡើងដោយឈរលើគោលការណ៍មួយចំនួន ក្នុងនោះ​បាន​ដឹង​នូវ​អ្វី​ដែល​កម្ពុជាបាត់បង់, បានដឹងពីមូលហេតុដែលកម្ពុជាបានបាត់បង់, បានដឹង​ពីអ្វី​ដែល​ត្រូវ​ចង​ក្រងឯកសារឡើងវិញពីប្រវត្តិសាស្ត្រខ្មែរ និងបានដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​ឯកសារ​ប្រវត្តិសាស្ត្រ​ទាំងអស់នេះ ។

ចំណែក ឯកឧត្តម វង្សី វិស្សុត បានជំរុញរាជបណ្ឌិត្យសភាកម្ពុជា បន្តធ្វើកម្មវិធីសន្និសីទ​អន្តរជាតិ​នេះទៀត ដែលក្រៅពីប្រធានបទខ្មែរក្នុងអាណានិគមបារាំង គឺនៅមានសម័យហ្វូណន សម័យ​មុន​អង្គរសម័យអង្គរ និងសម័យក្រោយអង្គរ ជាដើម ដើម្បីឱ្យសិស្ស​និស្សិតសិ​ក្សា​ប្រវត្តិសាស្ត្រ​មាន​ប្រភព​ស្រាវជ្រាវកាន់តែច្រើន៕

ពត័មានពេញនិយម