អបអរសាទរខួប២១ឆ្នាំ នៃការចុះបញ្ជីរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

07-វិច្ឆិកា-2024 - ម៉ោង 11:40:AM

 


ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អបអរសាទរខួប២១ឆ្នាំ នៃការចុះបញ្ជីរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៤)។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ បានលើកឡើងថា «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប!»។

សូមជម្រាបជូនថា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ «របាំព្រះរាជទ្រព្យ» ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាខួប២១ឆ្នាំ។ របាំព្រះរាជទ្រព្យ ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ។

របាំក្បាច់ខ្មែរបុរាណ ឬរបាំព្រះរាជទ្រព្យ មានភាពល្បីល្បាញខាងមានកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំដែលនាដករ ប្រើចលនាកាយវិការក្បាច់ និងមនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក(ជហៀរាលេ) ដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។

យោងតាមឯកសារមួយចំនួនបានសរសេរថា របាំព្រះរាជទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកថែរក្សាប្រពៃណីនាដកម្មបុរាណខ្មែរ ដែលជាចំណែកមួយយ៉ាងជិតស្និទ្ធនៃក្រុមបរិពាររបស់មហាក្សត្រអស់រយៈពេលជាង១ពាន់ឆ្នាំកន្លងមកហើយ។ របាំព្រះរាជទ្រព្យមានការដើរតួ៤ប្រភេទ ដូចជា តួនាង(ស្រី) តួនាយរង(ប្រុស) តួយក្ស (សភាវៈអាក្រក់) តួស្វា(សត្វ) ដោយតួអង្គនីមួយៗមានលក្ខណៈ និងមានពណ៌ដោយឡែកៗពីគ្នា មានការស្លៀកពាក់ ការលាបម្សៅ ការតុបតែងខ្លួន ទាំងក្បាំងមុខ និងកាយវិការផ្ទាល់ខ្លួនផងដែរ។ កាយវិការ និងក្បាច់រាំទាំងនេះ នាដករត្រូវហាត់រៀនយ៉ាងសកម្ម និងស្ទាត់ជំនាញ អស់រយៈពេលជាច្រើនឆ្នាំទើបចេះចាំ មានអត្ថន័យដូចជាការរំជួលចិត្តនានា ការភ័យភិត ស្នេហា ការសប្បាយរីករាយ ឬការខឹងសម្បាជាដើម។

របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ(សិល្បៈ ទេវៈ) មួយដែលមានវ័យ ចំណាស់ ដ៏យូរលង់ណាស់មកហើយ នៅក្នុងចំណោមទម្រង់សិល្បៈសក្ការៈ ហើយក៏ជាទម្រង់សិល្បៈ ដែលមានតម្លៃពិតខាងស្មារតី និងខាងបច្ចេកទេសកម្រិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈ ទស្សនីយភាពនៅកម្ពុជា។

នាសម័យមហានគរ នាដការ នាដការិនី ប្រចាំប្រាសាទមានតួនាទីសម្រាប់រាំ ឧទ្ទិសដល់អាទិទេព ឬរាំថ្វាយទេវៈរាជា គឺជានិរសាសន្តិភាព ពីស្ថានមនុស្សលោក ទៅស្ថានទេវតា និងជាសិល្បការិនីសន្តិភាព ឬជាសន្តិភាវការិនីខាងផ្លូវដួងចិត្ត គំនិត ដែលធ្លាប់បានរាំផ្សព្វផ្សាយពីសីលធម៌ និងគុណធម៌ ដើម្បីសុំសេចក្តីសុខ សន្តិភាព អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ៕