ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានកូនប្រុសដែលមានសតិមិនល្អ បានយកកាំបិតបុ័ងតោអារករម្តាយបណ្តាលអោយស្លាប់នៅក្នុងផ្ទះ ស្ថិតនៅតាមផ្លូវបេតុងមាត់ប្រឡាយ ក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៩:៣០នាទីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា សពស្ត្រីខាងលើមានឈ្មោះ សេង វន្នី អាយុ៨៣ឆ្នាំ។ ចំណែកកូនប្រុសដែលជាជនសង្ស័យ មានឈ្មោះ ស្រេង ឆាយ អាយុ៥៥ឆ្នាំ ដែលគេអះអាងថា មានជំងឺសសៃប្រសាទជាយូរឆ្នាំមកហើយ។
ក្នុងករណីនេះ ក្រោយសមត្ថកិច្ចជំនាញចុះពិនិត្យ និងធ្វើកោសល្យវិច័យរួច សពត្រូវប្រគល់ឱ្យសាច់ញាតិ។ ចំណែកជនសង្ស័យ ត្រូវបានចាប់បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំកសាងសំណុំរឿងបន្តនីតិវិធីតាមផ្លូវច្បាប់៕