អតីតសកម្មជនគណបក្សប្រឆាំនៅប្រទេសជប៉ុនលោក ហៃ វណ្ណា បានបង្ហាញការសោកស្តាយចំពោះការជឿ និងបំផុសព័ត៌មានមិនពិតពីស្ថានភាពព្រំដែនកន្លងមក។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានធ្វើដំណើរចុះពិនិត្យស្ថានភាពតាមបន្ទាត់ព្រំដែន និងការរស់នៅរបស់ប្រជាពលរដ្ឋរវាងប្រទេសកម្ពុជា-វៀតណាម ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលក្រោមការសម្របសម្រួលពីឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងាររចលនាកសាងសមាជិកមូលដ្ឋានរាជធានី-ខេត្តនៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហៃ វណ្ណា បានសម្តែងការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍ និងភាពរីកចម្រើនតាមបន្ទាត់ព្រំដែនដែលឆ្លុះបញ្ចាំងពីភាពវិជ្ជមាន និងផ្ទុយស្រឡះពីការបំភ្លៃរបស់ក្រុមប្រឆាំងនៅឯបរទេសដែលមិនបានធ្វើដំណើរដល់បន្ទាត់ព្រំដែន។
អតីតសកម្មជនរូបនេះ បញ្ជាក់ថា ការចោទប្រកាន់លើបញ្ហាព្រំដែនរបស់ខ្លួនកន្លងមក ពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV-DTA) ជាការគួរឱ្យសោកស្តាយ ដោយសារមិនមានមូលដ្ឋាន ហើយក្តីបារម្ភនាពេលនោះ ត្រូវបានលាតត្រដាងរឹតតែច្បាស់លាស់តាមរយៈការជួប និងពន្យល់របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ អតីតសកម្មជនគណបក្សប្រឆាំងរូបនេះ អះអាងថា រយៈពេល៩ឆ្នាំដែលរូបលោកប្រឡូកកិច្ចការជាមួយគណបក្សប្រឆាំង គឺមិនដែលឃើញគណបក្សប្រឆាំងធ្វើនយោបាយចង់រួមរួបគ្នានោះ ផ្ទុយទៅវិញគណប្រឆាំងបានធ្វើនយោបាយមានតែសាចទឹកដាក់គ្នាតែប៉ុណ្ណោះ។
យ៉ាងណាមិញអតីតសកម្មជនគណបណបក្សប្រឆាំងរូបនេះ សង្ឃឹមជឿជាក់ថា ទាំងអ្នកមាននិន្នាការស្រប ឬប្រឆាំង ត្រូវរួមគ្នា ដើម្បីធ្វើឲ្យប្រទេសជាតិតែរឹងមាំ ដោយសារប្រទេសកម្ពុជាមានប៉ូល២ គឺប៉ូលទេសចរណ៍វប្បធម៌ និងប៉ូលអេកូទេសចរណ៍។
សូមជម្រាបថា ការធ្វើដំណើរទៅពិនិត្យតាមបន្ទាត់ព្រំដែនរបស់អតីតសកម្មជនគណបក្សប្រឆាំង លោក ហៃ វណ្ណា គឺជាលើកទី១ ក្នុងជីវិត ចាប់តាំងពីអតីតសកម្មជនគណបក្សប្រឆាំង បានប្រឡូកជីវភាពនយោបាយរហូតសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ៕