រដ្ឋធានីវ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហាររីស (Kamala Harris) បានថ្លែងសុន្ទរកថាទទួលស្គាល់ទៅកាន់ប្រជាជាតិ កាលពីថ្ងៃពុធ (ទី៦ ខែវិច្ឆិកា) បន្ទាប់ពីលោកស្រី បានទទួលបរាជ័យ នៅក្នុងការបញ្ឈប់នូវការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ វិលត្រឡប់មកកាន់កាប់សេតវិមានជាថ្មី។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកស្រី កាម៉ាឡា ហាររីស បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រជាច្រើន ទាំងទឹកភ្នែក នៅឯសាកលវិទ្យាល័យ Howard ដែលជាអតីតមហាវិទ្យាល័យ Black College (ប្លែកខលឡែក) ស្ថិតក្នុងទីក្រុងវ៉ាស៊ីនតោន ថា៖«ឥឡូវ ខ្ញុំទទួលស្គាល់ការបោះឆ្នោតនេះ តែខ្ញុំមិនបោះបង់ការតស៊ូ នៅក្នុងការជំរុញដល់យុទ្ធនាការនេះឡើយ»។
លោកស្រី កាម៉ាឡា ហាររី បានប្ដេជ្ញាបន្ដប្រយុទ្ធ ដើម្បីសិទ្ធិរបស់ស្រ្ដី និង ប្រឆាំងចំពោះអំពើហិង្សាដោយអាវុធ ហើយតស៊ូដើម្បីសេចក្តីថ្លៃថ្នូរ ដែលមនុស្សទាំងអស់ សមនឹងទទួលបាន។
លោកស្រី អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា លោកស្រី បានទូរស័ព្ទទៅកាន់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ដើម្បីអបអរសាទរ ចំពោះជ័យជម្នះរបស់គាត់ ហើយបានសន្យា ថា នឹងចូលរួមនៅក្នុងពិធីផ្ទេរអំណាច ដោយសន្តិវិធី។
ដោយឡែក រុស្ស៊ី នឹងវាយតម្លៃទៅលើលោក ដូណាល់ ត្រាំ ជុំវិញសកម្មភាពរបស់គាត់ ជាពិសេសទាក់ទងនឹងការកាត់បន្ថយនូវការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន។ នេះជាក្តីសង្ឃឹមដែលជនជាតិរុស្ស៊ីមួយចំនួនមាន កាលពីថ្ងៃពុធ ទី៦ ខែវិច្ឆិកា បន្ទាប់ពីមហាសេដ្ឋីរូបនេះ បានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានកត់សម្គាល់ ថា៖ «យើងបាននិយាយម្តងហើយម្តងទៀត ថា សហរដ្ឋអាមេរិក ស្ថិតក្នុងជំហរមួយ ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន ហើយលោក ដូណាល់ ត្រាំ នឹងត្រូវវាយតម្លៃលើសកម្មភាពជាក់ស្តែង»៕