ខេត្តមណ្ឌលគិរី៖បុរសជនជាតិដើមភាគតិចម្នាក់ បានកែច្នៃអន្ទាក់ប្រើប្រាស់អគ្គិសនី សម្រាប់ឆក់សត្វព្រៃ បែរជាមកជួបនឹងអកុសល បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ ហើយសាកសពត្រូវបានគេប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាទៀបភ្លឺ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ណ្អើក តូន អាយុ៣៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិកើតហេតុ។ បើតាមការពិនិត្យមើល នៅកន្លែងកើតហេតុ អាចកំណត់ដឹង ថា ជនរងគ្រោះ បានកែច្នៃអន្ទាក់អគ្គិសនី សម្រាប់ឆក់ចាប់សត្វ។ ប៉ុន្ដែដោយសារតែគាត់បានធ្វើខុសបច្ចេកទេស ទើបបង្កឲ្យគ្រោះថ្នាក់ដល់ខ្លួនឯង។
ក្រោយពេលពិនិត្យ និង ធ្វើកោសល្យវិច័យរួចហើយ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពរបស់ជនរងគ្រោះទៅក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕