ខេត្តតាកែវ៖ កាលពីប៉ុន្មានថ្ងៃមុននេះ កំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចព្រំប្រទល់ រវាងខេត្តតាកែវ និង កំពង់ស្ពឺ បានរងនូវជំនន់ទឹកភ្លៀងជន់លិច តែឥឡូវទឹក បានស្រកអស់ចេញពីតួផ្លូវ ទើបអាជ្ញាធរមានសមត្ថកិច្ច បានអនុញ្ញាតឲ្យធ្វើចរាចរណ៍ជាធម្មតាឡើងវិញ ចាប់ពីវេលាម៉ោង១រសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹង កាលពីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា បើគ្មានការប្រែប្រួល ដោយប្រការចៃដន្យណាមួយទេនោះ មន្ត្រីជំនាញ នឹងបើកឲ្យដំណើរការចរាចរណ៍យ៉ាងពេញលេញជាប្រក្រតីឡើងវិញ នៅលើកំណាត់ផ្លូវជាតិលេខ៣។ ឥឡូវ ស្ថានភាពទឹកជំនន់ នៅលើកំណាត់ផ្លូវជាតិលេខ៣ បានស្រកផុតពីតួផ្លូវជាតិហើយ។ ដោយឡែកត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ នៅផ្សារត្រាំខ្នាំ បន្តបិទជាបណ្តោះអាសន្នមួយព្រឹកទៀត សម្រាប់រថយន្តធំ ដើម្បីបង្ការនូវការខូចខាតផ្លូវ ព្រោះគ្រឹះផ្លូវ នៅសើមជ្រាយនៅឡើយ។
លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ថែម ថា៖ «នៅវេលាម៉ោង១រសៀល ថ្ងៃទី៧ ខែវិច្ឆិកា នេះ បើគ្មានការប្រែប្រួល ដោយប្រការចៃដន្យណាមួយនោះទេ យើងនឹងបើកឲ្យដំណើរការចរាចរណ៍ពេញលេញជាប្រក្រតីឡើងវិញហើយ»៕