កូនប្រុសសំណព្វចិត្ត លើកកាំបិតបុ័ងតោកាប់ម្ដាយ ដេកក្នុងថ្លុកឈាម

08-វិច្ឆិកា-2024 - ម៉ោង 12:45:PM

រាជធានីភ្នំពេញ៖ ស្រ្ដីមេម៉ាយម្នាក់ ត្រូវបានកូនប្រុសបង្កើត ទាញកាំបិតបុ័ងតោ កាប់រយះចង្ការ ដេកនៅក្នុងថ្លុកឈាមគួរឲ្យរន្ធត់បំផុត បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមលោកយាយ ម៉ែន វណ្ណៈ វ័យ៧១ឆ្នាំ បានប្រាប់សមត្ថកិច្ច ថា កាលពីវេលាកើតហេតុ គាត់បានចាកចេញពីផ្ទះរបស់គាត់ ដើរទៅលេងជនរងគ្រោះ។ លុះពេលគាត់ទៅដល់ផ្ទះកើតហេតុ គាត់បានបើកទ្វាររបង រួចហើយបានស្រែកហៅជនរងគ្រោះ តែមិនឮសំឡេងឆ្លើយតបមកវិញ។ ភ្លាមៗនោះ គាត់បានដើរចូលទៅ ស្រាប់តែឃើញជនសង្ស័យ ចេញពីចំហៀងផ្ទះ រួចហើយគេបានប្រាប់គាត់ ថា ជនរងគ្រោះបានស្លាប់ហើយ ដោយសារតែរូបគេជ្រុលដៃសម្លាប់ជនរងគ្រោះ កាលពីយប់មិញ។ ឮដូច្នេះ គាត់បានរត់ទៅប្រាប់ក្មួយរបស់ជនរងគ្រោះ ហើយបានរាយការណ៍ទៅជូនសមត្ថកិច្ច។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹង ថា ក្រោយពេលមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង័្សយ នាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា។ ជនសង័្សយ ឈ្មោះ ស្រេង ឆាយ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានសតិមិនប្រក្រតី។ រីឯជនរងគ្រោះជាម្ដាយ ឈ្មោះ សេង វន្នី អាយុ៨៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។ ជនបង្ក និង ជនរងគ្រោះស្នាក់នៅជាមួយគ្នា នៅក្នុងផ្ទះកើតហេតុ។

ជនសង័្សយ បានសារភាព ថា រូបគេពិតជាបានយកកាំបិតប៉័ងតោកាប់សម្លាប់ម្តាយពិតប្រាកដមែន។

មន្រ្ដីជំនាញរាជធានីភ្នំពេញ បានបញ្ជាក់ ថា ក្រោយការពិនិត្យ និង ធ្វើកោសល្យវិច័យរួចហើយ សមត្ថកិច្ច បានសន្និដ្ឋាន ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារការកាប់នឹងកាំបិតប៉័ងតោពិតប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់។ ដោយឡែកសពរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ រៀបចំចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕

ពត័មានពេញនិយម