ខេត្តព្រៃវែង៖ ជនសង័្សយប្រុសស្រីចំនួន១០នាក់ បាននាំគ្នាប្រើប្រាស់ និង ជួញដូរថ្នាំញៀន ត្រូវបានអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីរសៀល ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងផ្ទះសំណាក់ស្ទឹងស្លូត ស្ថិតក្នុងឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
មន្រ្ដីកងរាជអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹង ថា ក្រោយពេលទទួលបានព័ត៌មានសម្ងាត់ ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន នៅក្នុងផ្ទះសំណាក់ស្ទឹងស្លូតនោះមក សមត្ថកិច្ច ក៏បានបង្ក្រាបភ្លាមៗ ដោយបានឃាត់ខ្លួនជនសង្ស័យ ជាអ្នកជួញដូរថ្នាំញៀន ចំនួន២នាក់ និង អ្នកមកទិញយកទៅប្រើប្រាស់ចំនួន៣នាក់ ។ លុះមកដល់យប់ថ្ងៃដដែល ក៏មានក្រុមអ្នកជក់ថ្នាំញៀន បានចុចទូរស័ព្ទ មកសុំទិញថ្នាំញៀនពីជនសង័្សយ ទើបបញ្ឆោតឲ្យចូលមកទិញក៏ក្រសោបបានចំនួន៥នាក់បន្ថែមទៀត ។
ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទាំង១០នាក់ បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕