សមត្ថកិច្ចជំនាញ បញ្ជូនកំពូលតារាទើស ម៉ៃ សុគន្ធ ឡើងតុលាការ

07-កញ្ជា-2024 - ម៉ោង 11:37:AM


រាជធានីភ្នំពេញ៖ ក្រោយពេលលោក ម៉ៃ សុគន្ធ បានបង្ករថយន្ដទាំងមានជាតិស្រវឹង នៅក្នុងខ្លួន គេចពីគោលដៅត្រួតពិនិត្យជាតិអាល់កុល និងបានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បុករះកង់បីឥណ្ឌា ចំនួន២គ្រឿង ហើយរថយន្ដបានបន្ដទៅបុករបាំងថ្មពុះចែកផ្លូវរួចមក សមត្ថកិច្ចក៏បានបញ្ជូនអ្នកបើកបររថយន្ដបង្ករូបនេះ ឡើងតុលាការ។

លោក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ កាលពីរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ថា សមត្ថកិច្ចបានបញ្ជូនខ្លួនលោក ម៉ៃ សុគន្ធ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ក្រោយពេលគាត់បានបើករថយន្តគេចវេះពីគោលដៅសមត្ថកិច្ចត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ជាតិអាល់កុល ហើយជ្រុលទៅបុករះកង់បី និង របាំងថ្ម បណ្ដាលឲ្យរងរបួសធ្ងន់-ស្រាលចំនួន៤នាក់។

សូមជម្រាប ថា កាលពីវេលាម៉ោង១២ និង ២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កឡើង ដោយសាររថយន្ដស៊េរីទំនើបមួយគ្រឿង បុករះទៅលើកង់បីឥណ្ឌា ចំនួន២គ្រឿង ហើយរថយន្ដបានបន្ដទៅបុករបាំងថ្មពុះចែកផ្លូវ នៅតាមមហាវិថីសហព័ន្ធន៍រុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍នោះ មានបុរសម្នាក់ត្រូវបានគេស្គាល់ ថា ជាលោក ម៉ៃ សុគន្ធ បានបើករថយន្ដ ម៉ាក LAND CRUISER ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802 នៅក្នុងល្បឿនលឿន គេចចេញពីគោលដៅត្រួតពិនិត្យជាតិអាកុលនៅម្ដុំជិតផ្សារបឹងបៃតង។ លុះពេលគាត់បានបើករថយន្ដមកដល់ចំណុចកើតហេតុ ទំនងជារថយន្ដមានល្បឿនលឿនពេក ឬ បានបើកបរនៅក្នុងស្ថានភាពស្រវឹងក៏មិនដឹង ទើបធ្វើឲ្យគាត់មិនអាចគ្រប់គ្រងចង្កូតរថយន្ដបាន ក៏ជ្រុលទៅបុករះកង់បីឥណ្ឌា ចំនួន២គ្រឿង បណ្ដាលឲ្យមនុស្សជាច្រើននាក់រងរបួស។ រីឯរថយន្ដបង្កនៅតែមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវ បណ្ដាលឲ្យយានយន្ដរងការខូចខាត។

ចំណាត់ការរបស់សមត្ថកិច្ច បានកើតឡើង ស្របពេល លោក ម៉ៃ សុគន្ធ បានចេញវីដេអូសុំទោសចំពោះកំហុសឆ្គងរបស់ខ្លួន។ ប៉ុន្ដែសមត្ថកិច្ចជំនាញ ត្រូវតែអនុវត្តច្បាប់ ហើយបានបញ្ជូនលោក ម៉ៃ សុគន្ធ ទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់៕

ពត័មានពេញនិយម