សមត្ថកិច្ច ឃាត់ខ្លួនស្រីស្អាតជើងខ្លាំង វាយតប់គ្នា​

11-កញ្ជា-2024 - ម៉ោង 09:23:AM

រាជធានីភ្នំពេញ៖ ស្រីស្អាតជើងម្នាក់ បានវាយតប់គ្នា ហើយគេចខ្លួនបាន រយៈពេល១ខែ ក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និង ឃាត់ខ្លួនបាន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះលេខ៣៦B ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេរបង្ហោះ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ថា ក្រោយពេលឃើញមានការផ្សព្វផ្សាយព័ត៌មាន នៅតាមបណ្ដាញសង្គម ពាក់ព័ន្ធនឹងករណីហិង្សានោះមក ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់កម្លាំងជំនាញចុះស្រាវជ្រាវ ចំពោះករណីនេះ។ ជាលទ្ធផល កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ការឃាត់ខ្លួនស្រ្ដីសង័្សយម្នាក់ ឈ្មោះ លីម សុខលាប កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះលេខ៣៦B ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

សូមជម្រាប ថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ មានករណីស្រ្ដីម្នាក់ បានប្រើប្រាស់អំពើហិង្សា ដោយចេតនា ទៅលើគូទំនាស់របស់នាង នៅចំណុចខុនដូរ Parkland ផ្លូវលេខ១៩២៨ ស្ថិតក្នុងភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។ សកម្មភាពហិង្សានេះ ត្រូវបានគេថតយកទៅបង្ហោះ នៅតាមបណ្ដាញសង្គម រហូតបែកការដឹងដល់សមត្ថកិច្ច ចុះស្រាវជ្រាវ និង ឃាត់ខ្លួនជនបង្ក។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងតែសាកសួរ និង កសាងសំណុំរឿង បញ្ជូនជនសង័្សយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

ពត័មានពេញនិយម