សម្ដេចព្រះបណ្ឌិត យ៉ន សេងយៀត ប្រាប់អំពីការបោះបាយបិណ្ឌ

16-កញ្ជា-2024 - ម៉ោង 03:30:PM

May be an image of 1 person, dais and text

រាជធានីភ្នំពេញ៖ ប្រជាជាតិ​ខ្មែរ តែងតែរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ នៅជារៀងរាល់ថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ប៉ុន្ដែសម្រាប់ឆ្នាំ២០២៤នេះ នឹងចាប់ផ្ដើមសូត្រមន្ដកាន់បិណ្ឌទី១ នៅថ្ងៃទី១៧ ខែកញ្ញា ហើយការបោះបាយបិណ្ឌ នៅក្នុងពិធីនេះ មានការទាក់ទាញយុវជនប្រុស-ស្រីនាំគ្នាទៅធ្វើបុណ្យទាន។


សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានសរសេរពន្យល់ ថា៖ ការបោះបាយបិណ្ឌ គឺជាពិធីបុណ្យតាមព្រះពុទ្ធសាសនាបែបខ្មែរ។ ពិធីបុណ្យមួយនេះ មានយុវជនប្រុស-ស្រី ភាគច្រើនដ៏លើសលប់ នាំគ្នាទៅធ្វើ «ពិធីបោះបាយបិណ្ឌ»។ ពិធីនេះអាចចាត់ទុកជាព្រឹត្តិការណ៍ដ៏ធំមួយ នៅក្នុងព្រះពុទ្ធសាសនានៅកម្ពុជា ដោយអាចទាក់ទាញចំណាប់អារម្មណ៍របស់យុវជនច្រើនជាងពិធីព្រះពុទ្ធសាសនា នៅតាមប្រទេសណាៗទាំងអស់ នៅលើពិភពលោក។

ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានសរសេរបន្ដ ថា ពិធីបោះបាយបិណ្ឌនេះ គឺខ្មែរប្រារព្ធធ្វើ នៅក្នុងទម្រង់ចំនួន៤ រួមមាន៖

១.ទម្រង់ប្រជាប្រិយ ប្រារព្ធធ្វើ ព្រោះមានការពេញនិយម នៅក្នុងសង្គម។

២.ទម្រង់ប្រពៃណី ប្រារព្ធធ្វើ ព្រោះតែជាប្រពៃណី។

៣.ទម្រង់បដិបត្តិ ប្រារព្ធធ្វើ ព្រោះតែចង់អនុវត្តតាមគោលការណ៍របស់ព្រះពុទ្ធសាសនា ដើម្បីឧទិ្ទសចំពោះញាតកា។

៤.ទម្រង់ទ្រឹស្ដីនិយម ប្រារព្ធធ្វើ ព្រោះតែមានការបង្រៀន អំពីការរម្លឹក និង ការជួយដល់ញាតកា ដែលបានលាចាកលោកនេះទៅ។

ជាមួយគ្នានេះ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត បានដាស់តឿន ថា៖ សូមយុវជនពុទ្ធសាសនិក មេត្តាបន្តរក្សា«ការបោះបាយបិណ្ឌ»នេះ ឲ្យបានខ្ជាប់ខ្ជួនបន្តទៅទៀត ដោយរក្សាសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ នៅក្នុងការប្រារព្ធពិធីនេះ។ នៅលើពិភពលោកនេះ ពុំមានការបដិបត្តិសាសនាណា អាចគេចចេញឲ្យផុត ពីទម្រង់ទាំង៤ខាងលើនេះទេ ព្រោះសង្គមមនុស្សវិវឌ្ឍទៅមុខគ្រប់វិនាទី

សូមជម្រាប ថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយរបស់ប្រជាជាតិខ្មែរ ដោយមានរយៈពេល១៥ថ្ងៃ ហើយចាប់ពីបិណ្ឌទី១ដល់បិណ្ឌទី១៤ ជាបុណ្យកាន់បិណ្ឌ ខណៈថ្ងៃទី១៥ជាបុណ្យភ្ជុំ។ បុព្វបុរសខ្មែរបង្កើតបុណ្យភ្ជុំបិណ្ឌនេះឡើង សម្រាប់រម្លឹកដល់ញាតកាដែលបានស្លាប់។ ពិធីនេះ ធ្វើឡើង ដោយកំណត់តាមប្រតិទិនពុទ្ធសាសនាដោយតាមដំណើរគោចរ នៃការរាប់តាមរង្វាស់នៃឆ្នាំចន្ទគតិ នៅក្នុងប្រពៃណីរបស់ខ្មែរ។

ពិធីបុណ្យនេះ ជួនកាលគេហៅថា «ពិធីសែនដូនតា» ដោយមានប្រវត្តិតាំងពីសម័យមុនអង្គរមកម៉្លេះ ហើយត្រូវបានជួបប្រទះឃើញ នៅសិលាចារិក K.279c នៅសតវត្យទី៩ ដោយបានរៀបរាប់ខ្លះៗ អំពីការចាប់បាយបិណ្ឌ ដែលពូនជាដុំ ហើយបានផ្ដាំឱ្យព្រះកឹង មានន័យ ថា ព្រះភូមិ ឬ យមទូត ឱ្យចាប់ឆ្កែចង សុំផ្លូវទៅផង ទៅជូនដូនតា …ជាដើម។


ពិធីសែនដូនតា ជាអរិយធម៌ និង វប្បធម៌ខ្មែរដើម ត្រូវបានធ្វើឡើង ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់សាច់ញាតិរបស់ខ្លួន ដែលបានស្លាប់ទៅហើយ។ ពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រារព្ធឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ៕

ពត័មានពេញនិយម