ព្យុះទីហ្វុងកំណាច វាយប្រហារលើ​​​វៀតណាម ស្លាប់រាប់សិបនាក់ ខូចខាតរោងចក្រយ៉ាងច្រើន

10-កញ្ជា-2024 - ម៉ោង 09:55:AM

រដ្ឋធានីហាណូយ៖ ព្យុះទីហ្វុងយ៉ាហ្គី (Yagi) ដែលជាព្យុះដ៏មានកម្លាំងខ្លាំងបំផុត នៅទ្វីបអាស៊ី នាឆ្នាំ២០២៤នេះ បានបណ្តាលឱ្យមនុស្ស រាប់សិបនាក់ស្លាប់ នៅភាគខាងជើងរបស់ប្រទេសវៀតណាម និង បានធ្វើឲ្យខូចខាតយ៉ាងច្រើន ដល់ហេដ្ឋារចនាសម្ព័ន្ធ និង រោងចក្រនានា ខណៈព្យុះនេះបានបន្ដបោកបក់ទៅទិសខាងលិច។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់វៀតណាម បានរាយការណ៍ ថា មនុស្សចំនួន៤៦នាក់ បានបាត់បង់ជីវិត និង ២២នាក់ផ្សេងទៀត កំពុងតែបាត់ខ្លួន។ ជនរងគ្រោះទាំងនេះ ភាគច្រើន បានរងគ្រោះ ដោយសារការរអិលបាក់ដី និង ទឹកជំនន់ដែលបានបង្កឡើងដោយព្យុះទីហ្វុង។

ព្យុះទីហ្វុងដ៏កំណាចនេះ កាលពីថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ចុងសប្ដាហ៍មុន បានវាយប្រហារទៅលើឆ្នេរសមុទ្រ នាភាគឦសានរបស់ប្រទេសវៀតណាម ដែលជាកន្លែងប្រតិបត្តិការផលិតកម្មដ៏ធំរបស់ក្រុមហ៊ុនក្នុងស្រុក និង បរទេស។ ព្យុះនេះ ត្រូវបានទម្លាក់ចំណាត់ថ្នាក់ មកជាខ្យល់ព្យុះត្រូពិកវិញ កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែទីភ្នាក់ងារឧតុនិយម បានព្រមាន កាលពីថ្ងៃចន្ទ ទី៩ ខែកញ្ញា អំពីគ្រោះទឹកជំនន់ និង ការបាក់ដីនឹងកើតមានបន្ដទៀត។

ព្យុះទីហ្វុងយ៉ាហ្គីដ៏កំណាចនេះ បានកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះសម្បែងរាប់លានខ្នង និង ក្រុមហ៊ុនជាច្រើន។ ក្រៅពីនេះ គ្រោះធម្មជាតិមួយនេះ បានបង្កឲ្យទឹកជន់លិចផ្លូវថ្នល់ រំខានដល់បណ្តាញទូរគមនាគមន៍ បាក់ស្ពានខ្នាតមធ្យម និង រលំដើមឈើរាប់ពាន់ដើម ហើយបាននាំសកម្មភាពសេដ្ឋកិច្ច នៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មជាច្រើន ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន៕

ពត័មានពេញនិយម