ប្រទេសឡាវ នៅតែរងការគំរាមកំហែង ពីគ្រោះទឹកជំនន់ជន់លិចរដ្ឋធានី

14-កញ្ជា-2024 - ម៉ោង 10:16:AM

រដ្ឋធានីវៀងចន្ទន៍៖ បើគិតត្រឹមល្ងាច ថ្ងៃសុក្រ ទី១៣ ខែកញ្ញា រដ្ឋធានីវៀងចន្ទន៍ ដែលជាបេះដូងរបស់ប្រទេសឡាវ នៅតែរងការគំរាមកំហែង អំពីគ្រោះទឹកជំនន់ជន់លិច ខណៈតំបន់វាលទំនាប នៃខេត្តលួងព្រះបាង (Luang Prabang) នៅតែត្រូវបានទឹកជន់លិច ដោយសារតែទឹកបានហក់ឡើងយ៉ាងឆាប់រហ័ស នៅក្នុងទន្លេមេគង្គ និង ដៃរបស់ទន្លេនេះ។ នេះបើតាមសារព័ត៌មានរបស់ឡាវ Vientiane Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤។

គណៈកម្មការទន្លេមេគង្គ (MRC) បានព្រមាន កាលពីព្រហស្បតិ៍ ទី១២ ខែកញ្ញា ថា តំបន់ទំនាប នៃរដ្ឋធានីវៀងចន្ទន៍ ដែលមិនមានការការពារ ពីទំនប់វារីអគ្គិសនី ប្រឈមនឹងហានិភ័យខ្ពស់ អំពីគ្រោះទឹកជំនន់ ចាប់ពីថ្ងៃនេះ ខណៈកម្ពស់ទឹកទន្លេមេគង្គ កំពុងតែហក់ឡើងយ៉ាងលឿន។

បើតាមអង្គការអន្តររដ្ឋាភិបាល នៃប្រទេសកម្ពុជា ឡាវ វៀតណាម និងថៃ បានព្យាករ អំពីលំហូរទឹក នៅតាមតំបន់ទំនាប នៃរដ្ឋធានីវៀងចន្ទន៍ រួមមាន៖ ភូមិណុងដា (Nongda) ស្ថិតក្នុងខណ្ឌស៊ីខូតតាបុង (Sikhottabong) និង ភូមិជាច្រើន ស្ថិតក្នុងខណ្ឌហាតសាំហ្វុង (Hatxaifong) កំពុងតែប្រឈមនឹងហានិភ័យ អំពីគ្រោះទឹកជំនន់ ចាប់ពីថ្ងៃទី១៣ ខែកញ្ញាទៅ។

គណៈកម្មការទន្លេមេគង្គ បានបញ្ជាក់ ថា តំបន់ភាគកណ្ដាល នៃរដ្ឋធានីវៀងចន្ទន៍ នៅតែមានសុវត្ថិភាព សម្រាប់ពេលនេះ បើទោះជាទឹកទន្លេបានហក់ឡើងខ្ពស់យ៉ាងណាក្ដី។ ទឹកទន្លេមេគង្គ នៅក្នុងខេត្តលួងព្រះបាង (Luang Prabang) នឹងអាចឡើងដល់កម្ពស់២១,៥ម៉ែត្រ នៅត្រឹមព្រឹក ថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា។

ដោយឡែក ស្ថានីយនៅរដ្ឋធានីវៀងចន្ទន៍ កាលពីថ្ងៃព្រហស្បតិ៍ បានវាស់កម្ពស់ទឹកទន្លេមេគង្គ កើនដល់កម្រិត១១,៣៤ ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន អំពីគ្រោះទឹកជំនន់ គឺ ១១,៥ ម៉ែត្រ និង កម្រិតដ៏គ្រោះថ្នាក់បំផុត គឺកម្ពស់ទឹក១២,៥ម៉ែត្រ៕

ពត័មានពេញនិយម