ថ្មបាក់សង្កត់កម្មករ ក្នុងអណ្ដូងរ៉ែមាស នៅខេត្តក្រចេះ

11-កញ្ជា-2024 - ម៉ោង 09:24:AM

ខេត្តក្រចេះ៖ ក្រុមកម្មករជាច្រើននាក់ កំពុងតែសម្រាកយកកម្លាំង ស្រាប់តែជួបនឹងគ្រោះអកុសល ត្រូវថ្មបាក់ធ្លាក់ពីលើអណ្ដូងរ៉ែមាសរបស់ក្រុមហ៊ុនសឹងយន្តគ័ងយិក បណ្ដាលឲ្យបាត់បង់ជីវិតកម្មករម្នាក់ កាលពីវេលាម៉ោង៣ និង ៣០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចរណ្ដៅទី១ នៃក្រុមហ៊ុនសឹងយន្តគ័ងយិក ស្ថិតក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ កម្មកររ៉ែមាសម្នាក់ នៅក្នុងចំណោម៦នាក់កំពុងតែអង្គុយសម្រាកយកកម្លាំង។ លុះមកដល់វេលាខាងលើ ស្រាប់តែមានថ្មបានធ្លាក់មកសង្កត់ បណ្ដាលឲ្យស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ។ ជនរងគ្រោះ ឈ្មោះ ផុន សារ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគីរី ខេត្ដកំពង់ឆ្នាំង។

ប្រភពពីកន្លែងកើតហេតុ បានរាយការណ៍ ថា នៅចំណុចរណ្ដៅទី១ ជាន់ទី១ ស្ថិតក្នុងក្រុមហ៊ុន សឹងយន្តគ័ងយិក មានជម្រៅប្រហែល៣០០ម៉ែត្រ និង មានជម្រៅចុះក្រោម នៅជាន់ទី២ ប្រមាណជាង ៧០ម៉ែត្រ។ រីឯទីតាំងដែលជនរងគ្រោះជួបនឹងគ្រោះថ្នាក់នោះ គឺនៅចំណុចជាន់ទី២ ខណៈក្រុមកម្មករចំនួន៦នាក់ ចុះទៅកាយយកអាចម៍ដី ដែលមេការក្រុមហ៊ុន បានជីកបុកសម្អាតរួចរាល់ហើយ។ លុះពេលពួកគេអស់កម្លាំង ក៏ថយមកអង្គុយ សម្រាកយកកម្លាំង ដើម្បីធ្វើការបន្ដទៀត ស្រាប់តែមានថ្មដំបូលអណ្ដូងកម្ពស់២ម៉ែត្រកន្លះ ក៏បានបាក់ធ្លាក់សង្កត់ មកលើជងរងគ្រោះ ឈ្មោះ ផុន សារ៉ាន់ ដោយត្រូវចំចង្កេះ និង លើក្បាលជង្គង់ បណ្តាលឲ្យបែកផ្លោកនោម។

ក្រោយពេលកើតហេតុភ្លាមៗនោះ ក្រុមហ៊ុនសឹងយន្តគ័ងយិក ដឹកជនរងគ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ប៉ុន្ដែដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេក ទើបធ្វើឲ្យក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះជនរងគ្រោះឲ្យរួចផុតពីគ្រោះថ្នាក់៕

ពត័មានពេញនិយម