ប្រទេសកម្ពុជា នៅតែបន្ដរងឥទ្ធិពល ពីព្យុះទី១៣

16-កញ្ជា-2024 - ម៉ោង 11:36:AM

 

រាជធានីភ្នំពេញ៖ ស្របពេលប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា និង ប្រទេសវៀតណាម កំពុងតែរងគ្រោះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អំពីឥទ្ធិពលព្យុះយ៉ាហ្គី (Yagi) នោះ ប្រទេសកម្ពុជា ក៏នឹងនៅតែបន្ដរងនូវឥទ្ធិពល ពីព្យុះទី១៣។

ក្រសួងធនធានទឹក និង ឧតុនិយមកម្ពុជា បានចេញផ្សាយនូវព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស ថា៖ សូមគោរពជម្រាប ជូនអំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤៖

ព្យុះទី១៣ ឈ្មោះ ប៊ីប៊ីនកា បានវិវត្តទៅជាព្យុះសង្ឃរា នៅតែបន្តមានឥទ្ធិពលខ្លាំង ទៅលើខ្យល់មូសុងនិរតី ដែលបោកបក់ទៅលើសមុទ្រអានដាមម៉ែន និង ឈូងសមុទ្រថៃ ខណៈសម្ពាធទាបគ្របដណ្តប់ មកលើតំបន់ភាគកណ្តាល នៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និង ព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងមានអាកាសធាតុ៖ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤គឺ៖

១-តំបន់វាលទំនាប៖

-សីតុណ្ហភាពមធ្យម អប្បបរមា២៣អង្សាសេ និង សីតុណ្ហភាព មធ្យមអតិបរមា៣៤អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និង ពាយព្យ មានល្បឿនមធ្យម៤ម៉ែត្រ ក្នុងវិនាទី។ ខេត្តបន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, សៀមរាប, កំពង់ឆ្នាំង, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង, កណ្តាល, តាកែវ និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥០ភាគរយ។

២-តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពមធ្យម អប្បបរមា២៣អង្សាសេ និង សីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និង ពាយព្យ មានល្បឿនមធ្យម៥,៥ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ, ប៉ៃលិន, ឧត្តរមានជ័យ, ព្រះវិហារ, ស្ទឹងត្រែង, ក្រចេះ, រតនគិរី, មណ្ឌលគិរី, តំបន់ជួរភ្នំក្រវាញ និង ជួរភ្នំដងរ៉ែក អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥៥ភាគរយ។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យម អប្បបរមា២៣អង្សាសេ និង សីតុណ្ហភាព មធ្យមអតិបរមា៣៣អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និង ពាយព្យ មានល្បឿនមធ្យម ៥ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកោះកុង, ព្រះសីហនុ, កំពត, កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៤០ភាគរយ។

-រលកទឹកសមុទ្រ មានកម្ពស់មធ្យម អប្បបរមា០,៥០ម៉ែត្រ និង កម្ពស់មធ្យម អតិបរមា ២,២៥ម៉ែត្រ៕

ពត័មានពេញនិយម