គ្រោះទឹកជំនន់នៅថៃ បង្កផលប៉ះពាល់ដល់ពលរដ្ឋ ជាង១៣ម៉ឺនគ្រួសារ

16-កញ្ជា-2024 - ម៉ោង 11:32:AM

 

រាជធានីបាងកក៖ គ្រោះទឹកជំនន់ បង្កឡើងព្យុះយ៉ាហ្គី (Yagi) កំពុងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកដល់ប្រជាពលរដ្ឋ ចំនួន ៣០ ០៧៣គ្រួសារ នៅក្នុងខេត្តចំនួន១២ ដោយភាគច្រើនបំផុត នៅភាគខាងជើងរបស់ប្រទេសថៃ ស្របពេលនាយកដ្ឋានជំនាញ ព្យាករអំពីអាកាសធាតុ ដោយរំពឹង ថា នឹងមានភ្លៀងធ្លាក់ខ្លាំងបំផុត នៅសប្ដាហ៍នេះ។ នេះបើតាមសារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

លោក ឆៃវ៉ាត់ ឈុនធីរ៉ាពង់ (Chaiwat Chuntirapong) អគ្គនាយក នៃនាយកដ្ឋានបង្ការ និង កាត់បន្ថយគ្រោះមហន្ដរាយរបស់ថៃ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ថា៖ ទឹកជំនន់ នឹងបន្ដកើតមាន សម្រាប់ខេត្តជាច្រើនរបស់ប្រទេសថៃ រួមមាន៖ ខេត្តអាងថុង (Ang Thong), ខេត្តអាយុធ្យា (Ayutthaya), ខេត្តឈៀងរ៉ៃ (Chiang Rai), ខេត្តឡូអេ (Loei), ខេត្ដណាន់ (Nan), ខេត្តផេតឆាប៊ុន (Phetchabun), ខេត្តភីតសានុលោក (Phitsanulok), ខេត្តប្រាឈីនប៊ូរី (Prachin Buri), ខេត្តសុខោទ័យ (Sukhothai) និង ខេត្តតាក (Tak)។

លោកអគ្គនាយក នៃនាយកដ្ឋានបង្ការ និង កាត់បន្ថយគ្រោះមហន្ដរាយរបស់ថៃ បានបន្ថែម ថា បើគិតចាប់ពីថ្ងៃទី១៦ ខែសីហា រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ គ្រោះទឹកជំនន់ បានសម្លាប់មនុស្ស ចំនួន៤៣នាក់ និង ២៤នាក់ផ្សេងទៀតរងរបួស។ គ្រោះធម្មជាតិដ៏កំណាចមួយនេះ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន១៣៣ ០៤០គ្រួសារ នៅក្នុងខេត្តចំនួន២៨ ហើយក្នុងនោះមានចំនួនពាក់កណ្ដាល នៅភាគខាងជើងរបស់ប្រទេសថៃ។

នាយកដ្ឋានឧតុនិយមថៃ បានឲ្យដឹង ថា ចាប់ពីថ្ងៃអាទិត្យ ទី១៦ រហូតដល់ថ្ងៃអង្គារ ទី១៧ ខែកញ្ញា នឹងមានភ្លៀងធ្លាក់មកយ៉ាងខ្លាំង នៅភាគឦសាន បូព៌ា និង នៅឆ្នេរសមុទ្រភាគនិរតី នៃប្រទេថៃ។ ប៉ុន្ដែចាប់ពីថ្ងៃពុធ ទី១៨ រហូតដល់ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ភ្លៀងនឹងធ្លាក់ នៅភាគខាងជើង និង ភាគឦសាន ហើយភ្លៀងនឹងបន្តធ្លាក់ នៅតំបន់វាលទំនាបភាគកណ្តាល តំបន់ភាគខាងកើត និង ភាគខាងត្បូងរបស់ប្រទេសថៃ៕

ពត័មានពេញនិយម