ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក រងការបាញ់ផ្ទួនៗគ្នា

16-កញ្ជា-2024 - ម៉ោង 11:45:AM

រដ្ឋធានីវ៉ាស៊ីតោន៖ ការិយាល័យស៊ើបការណ៍សម្ងាត់សហព័ន្ធន៍ (Federal Bureau of Investigation) ហៅកាត់ FBI កំពុងតែស៊ើបអង្កេតទៅលើអ្វីដែលទីភ្នាក់ងារមួយនេះ បានបញ្ជាក់ ថា នេះជាការប៉ុនប៉ងធ្វើឃាតជាក់ស្តែង ទៅលើអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅឯក្លឹបវាយកូនហ្គោលរបស់គាត់ នៅរដ្ឋផ្លរីដា កាលពីថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា។ នេះបើតាមបណ្ដាញទូរទស្សន៍ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក CNN បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

លោក ដូណាល់ ត្រាំ បេក្ខជនមកពីគណបក្សសាធារណរដ្ឋ បានឈរឈ្មោះជាថ្មី សម្រាប់ការប្រកួតប្រជែង នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ លោក ត្រាំ បានរងនូវការប៉ុនប៉ងធ្វើឃាតជាលើកទី២ ត្រឹមតែរយៈពេលពីរខែកន្លងមកនេះ។

អាជ្ញាធរសហរដ្ឋអាមេរិក បានបញ្ជាក់ ថា អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅតែមានសុវត្ថិភាព ក្រោយការបាញ់ប្រហារជាលើកទី២។ សកម្មភាពបែបនេះ ហាក់បីដូចជាការប៉ុនប៉ងធ្វើឃាត ដោយបានកំណត់គោលដៅ នៅឯកន្លែងដែលគាត់កំពុងតែលេងកីឡាវាយកូនហ្គោល នៅវែស្ដផាមប៊ីច (West Palm Beach) នាវេលាម៉ោងប្រហែល២រសៀល (ម៉ោងក្នុងតំបន់) ថ្ងៃទី១៥ ខែកញ្ញា ស្ថិតក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ ខ្មាន់កាំភ្លើង បានបាញ់ចេញពីខាងក្រៅរបង នៃទីលានវាយកូនហ្គោល។ ប៉ុន្ដែទីភ្នាក់ងារសម្ងាត់ការណ៍សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ពួកគេកំពុងតែស៊ើបអង្កេត ចំពោះឧបទ្ទវហេតុ។

លោក ស្ដេវែន ឈួង (Steven Cheung) អ្នកនាំពាក្យរបស់ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ បានបញ្ជាក់ ថា«អតីតប្រធានាធិបតី លោក ត្រាំ នៅតែមានសុវត្ថិភាព ក្រោយការបាញ់ប្រហារនៅជិតគាត់។ ប៉ុន្ដែឥឡូវគាត់នៅមិនទាន់មានព័ត៌មានលម្អិតបន្ថែមទៀតនោះឡើយ»។

ជាមួយគ្នានេះដែរ សេតវិមាន បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) និង លោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហាររីស (Kamala Harris) បេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ មានអារម្មណ៍ធូរស្រាលវិញ ក្រោយពេលមានសេចក្ដីរាយការណ៍ ដោយសង្ខេប អំពីឧបទ្ទវហេតុនេះ នៅពេលដឹង ថា លោក ដូណាល់ ត្រាំ នៅតែមានសុវត្ថិភាព។

កូនប្រុសរបស់លោក ដូណាល់ ត្រាំ បានអះអាងប្រាប់មន្ត្រីអនុវត្តច្បាប់ក្នុងតំបន់ ថា ពួកគេបានរកឃើញកាំភ្លើង AK-47 នៅក្នុងគុម្ពោតព្រៃ ហើយបានចាប់ខ្លួនជនសង្ស័យម្នាក់។

ទីភ្នាក់ងារភ្នាក់ងារស៊ើបការណ៍សម្ងាត់ បាននាំលោក ដូណាល់ ត្រាំ ចេញពីកន្លែងកើតហេតុភ្លាមៗ បញ្ជូនទៅកាន់កន្លែងមានសុវត្ថិភាព ក្រោយការបាញ់ប្រហារនោះ។ នេះជាការបាញ់ប្រហារលើកទី២ នៅក្នុងការប៉ុនប៉ង មកលើលោក ដូណាល់ ត្រាំ ខណៈលើកទី១ បានបណ្ដាលឲ្យរងរបួសនៅលើស្លឹកត្រចៀក៕

ពត័មានពេញនិយម