រន្ធត់ចិត្តខ្លាំងណាស់! កម្មការិនីម្នាក់ ចេញពីធ្វើការងារ ដួលដេកនៅមុខបន្ទប់ខានជួបក្រុមគ្រួសារ

07-កញ្ជា-2024 - ម៉ោង 11:34:AM

 

រាជធានីភ្នំពេញ៖ កម្មការិនីវ័យក្មេងម្នាក់ ទើបនឹងចេញពីធ្វើការងាររោងចក្រ សម្រាប់តែដួលសន្លប់ស្ដូកស្ដឹង បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅមុខបន្ទប់ជួល A2 E2 ជាន់ទី៣ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

បើតាមសន្ដិសុខយាមបន្ទប់ជួលម្នាក់ ឈ្មោះ ជួប ងឿន ភេទប្រុស អាយុ៣៨ឆ្នាំ បានឲ្យដឹង ថា កាលពីវេលាកើតហេតុ ខណៈគាត់កំពុងតែអង្គុយនៅមុខផ្ទះជួល នៅជាន់ខាងក្រោម ស្រាប់តែមានអ្នកជួលបន្ទប់ស្នាក់ បានស្រែក ថា មានមនុស្សកើតខ្យល់គរ ដួលនៅមុខបន្ទប់ជួល។ ឮបែបនេះ គាត់បានរត់ឡើងទៅមើល ឃើញប្អូនប្រុសរបស់នារីរងគ្រោះ បានបីត្រកងនាង ចុះមកក្រោម រួចហើយក៏បានហៅកង់បី ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប៉ុន្ដែអ្នកបើកកង់បី មិនព្រមដឹក ព្រោះគេមើលឃើញ ថា ជនរងគ្រោះបានស្លាប់ តាំងពីនៅបន្ទប់ជាន់ខាងលើមកម៉្លេះ។ បន្ទាប់មកគាត់ ក៏បានរាយការណ៍ទៅសមត្ថកិច្ច។

មន្រ្ដីនគរបាលពោធិ៍សែនជ័យ បានឲ្យដឹង ថា នារីរងគ្រោះ ឈ្មោះ ភឿង រ៉ានី អាយុ៣៣ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រ។ ជនរងគ្រោះ មានស្រុកកំណើតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយបានជួលស្នាក់នៅកន្លែងកើតហេតុ។ ប៉ុន្ដែបើតាមការពិនិត្យ និង កោសល្យវិច័យរបស់នគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺ នារីរងគ្រោះបានស្លាប់ ដោយសារការគាំងបេះដូង។

ក្រោយពេលពិនិត្យសាកសពរួចហើយ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពរបស់ជនរងគ្រោះទៅក្រុមគ្រួសារ ដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ក្រោមការសោកស្ដាយពីក្រុមគ្រួសារ៕

ពត័មានពេញនិយម