ព្យុះកំណាចទីហ្វុងយ៉ាហ្គី វាយប្រហារដល់ខេត្តហៃណាន បង្កបញ្ហាដល់ប្រជាជនចិនរាប់លាននាក់

07-កញ្ជា-2024 - ម៉ោង 11:21:AM

 

រដ្ឋធានីប៉េកាំង៖ ព្យុះទីហ្វុងដ៏កំណាចបំផុត សម្រាប់ទ្វីបអាស៊ី នាឆ្នាំ២០២៤ ឈ្មោះ យ៉ាហ្គី (Yagi) បានវាយប្រហារទៅដល់ខេត្តហៃណាន (Hainan) ដែលជាខេត្តដែនកោះរបស់ប្រទេសចិន កាលពីថ្ងៃសុក្រ (ទី៦ ខែកញ្ញា) ដោយបាននាំមកជាមួយនូវភ្លៀងបង្អុរចុះមកយ៉ាងខ្លាំង។គ្រោះធម្មជាតិដ៏កំណាចមួយនេះ បានបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និង រំខានដល់វិស័យទេសចរណ៍របស់ខេត្តមួយនេះយ៉ាងខ្លាំង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤។

ខ្យល់ព្យុះទីហ្វុងដ៏កំណាចនេះ មានល្បឿនជាអតិបរមា រហូតដល់២៣៤គីឡូម៉ែត្រ នៅក្នុងមួយម៉ោង ហើយត្រូវបានគេហៅឈ្មោះ ជាព្យុះស៊ីក្លូនត្រូពិកមានកម្លាំងខ្លាំងបំផុតលំដាប់ទី២របស់ពិភពលោក សម្រាប់ឆ្នាំ២០២៤ បន្ទាប់ពីព្យុះសង្ឃរា ប្រភេទទី៥ នៅមហាសមុទ្រអាត្លង់ទិក ឈ្មោះ បេរីល (Beryl) ។

ក្រោយពេលខ្យល់ព្យុះកំណាចនេះ មានកម្លាំងកើនឡើងទ្វេដង ចាប់តាំងពីបានសម្លាប់មនុស្សចំនួន១៦ នៅភាគខាងជើងរបស់ប្រទេសហ្វីលីពីន កាលពីដើមសប្តាហ៍នេះ ខ្យល់ព្យុះទីហ្វុងយ៉ាហ្គី (Yagi) បានបោកបក់ចូលទៅដល់ទីក្រុងវេនចាង (Wenchang) ខេត្តហៃណាន កាលពីរសៀលថ្ងៃសុក្រ (ទី៦ ខែកញ្ញា)។ ប៉ុន្ដែបន្ទាប់ពីខ្យល់ព្យុះដ៏កំណាចនេះ បានចូលទៅដល់ប្រហែលត្រឹមតែរយៈពេល១ម៉ោង បានធ្វើឲ្យផ្ទះសម្បែង ប្រហែល ៨៣០ ០០០ខ្នង ត្រូវដាច់ចរន្ដអគ្គិសនី។ ប្រជាពលរដ្ឋ ប្រហែលជាង ៥៧៤ ០០០នាក់ ត្រូវបានជម្លៀសចេញ ពីទីក្រុងហ្សានជៀង (Zhanjiang) ខេត្តហ្គងដុង (Guangdong) នាំទៅកាន់ទីមានសុវត្ថិភាព។
សូមជម្រាប ថា កាលពីឆ្នាំ២០១៤ ខេត្តហៃណាន ធ្លាប់រងគ្រោះ ដោយសារព្យុះកំណាចត្រូពិកកម្រិតទី៥ ដោយបានសម្លាប់មនុស្ស ចំនួន៨៨នាក់ នៅក្នុងខេត្តដែនកោះមួយនេះ ហើយវាបានធ្វើខាតបង់សេដ្ឋកិច្ច រហូតដល់៤៤ពាន់លានយន់ (Yuan លុយចិន) ឬស្មើនឹង ៦,២៤ពាន់លានដុល្លារអាមេរិក៕

ពត័មានពេញនិយម