ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» នៅវិមាន ៧មករា

06-កញ្ជា-2024 - ម៉ោង 04:06:PM

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការកណ្តាល បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ»។ បទឧទ្ទេសនាមនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃ វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី១៣ ដោយមានសិក្ខាកាម​ដែលជា​មន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជន​គណបក្ស ចូលរួមសរុបចំនួន ១៤០រូប(ស្រី ១៨រូប) នៅវិមាន ៧មករា រាជធានីភ្នំពេញ។

 

មុនពេលចាប់ផ្តើមខ្លឹមសារនៃបទឧទ្ទេសនាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពី​អត្ថន័យ នៃវិមាន ៧មករា ដែលសិក្ខាកាមកំពុងតែមានឱកាស​សិក្សារៀនសូត្រ​ក្នុងវិមាន​ដ៏ធំ​ស្កឹមស្កៃ ដែលជាទីស្នាក់ការគណបក្សប្រជាជននេះថា "វិមាននេះ ជាវិមានដែលបានសាង​ក្នុងយុគ្គសម័យ នៃការអភិវឌ្ឍដ៏រុងរឿងនេះ កើតចេញពីតម្លៃនៃវីរភាព និងការលះបង់របស់ឥស្សរជនជាន់ខ្ពស់ជំនាន់មុន ដែលលោកបានខំប្រឹងប្រែងកសាងស្នាដៃជាប្រវត្តិសាស្ត្រជាច្រើន ជូនជាតិមាតុភូមិ ហើយជាពិសេសបានបន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ សម្រាប់យើងជាអ្នកជំនាន់ក្រោយ។

 

នៅក្នុងបទឧទ្ទេសនាមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នារសៀលនេះ ត្រូវបានបែងចែកជាពីរ ចំណុច៖ ទី១.ឯកឧត្តម បានបង្ហាញប្រវត្តិ និងដំណើរប្រព្រឹត្តទៅរបស់ក្រសួងមុខងារសាធារណៈ ព្រមទាំងសមិទ្ធផលការងារស្នូលសំខាន់ៗ រួមទាំងកិច្ចការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលឆ្លើយតបជាមួយនឹងវិធានការគន្លឹះទាំង៣ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងនាមជាលេខាធិការដ្ឋាន គ.វ.រ. ក្រសួងបានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារតាមក្រសួង-ស្ថាប័ន និងកំពុងជំរុញការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការងារអាទិភាពមួយនៃវិធានការគន្លឹះ របស់រាជរដ្ឋាភិបាល និងទី២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកទស្សនៈនានាពាក់ព័ន្ធទៅនឹងការពង្រឹងការងារក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា។

 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយកបរដ្ឋមន្ត្រី បានបញ្ជាក់ពីភាពជោគជ័យនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងលិខិបទដ្ឋានគតិយុត្តិដែលបានរៀបចំដាក់ចេញ និងតាមរយៈកម្មវិធីអង្គភាពផ្តល់សេវាសាធារណៈគំរូ បានឆ្លុះបញ្ចាំងពីឆន្ទះ ចក្ខុវិស័យ និងការលះបង់របស់មន្ត្រីនៅមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត បានបង្ហាញឱ្យប្រជាជន ជឿទុកចិត្តមកលើរាជរដ្ឋាភិបាល។ បន្ថែមពីនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានរម្លឹកប្រសាសន៍របស់សម្តេចតេជោ ថា៖ ភាពជឿជាក់ និងជំនឿទុកចិត្ត ដែលបានមកពីប្រជាជន ត្រូវកសាងជាប់ជាប្រចាំ និងមានរយៈពេលយូ។ ភាពតិចតួចរបស់ប្រជាជននៅក្នុងកម្រិតមូលដ្ឋាន គឺជាកត្តាកំណត់ដែលគណបក្សប្រជាជន អាចកសាង ការពារប្រទេស និងជាមូលដ្ឋានគ្រឹះ សម្រាប់ទ្រទ្រង់ដល់ការដឹកនាំខាងនយោបាយ និងសង្គមជាតិជារៀងរហូត។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីភាពជាគំរូ និងគោលការណ៍ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសិក្សាបន្ថែមពីការដឹកនាំរបស់ថ្នាក់ដឹកនាំដទៃទៀតរបស់គណៈបក្សប្រជាជនកម្ពុជា ដោយឈរលើគោលជំហររឹងមាំ ប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញចិត្តដល់សិក្ខាកាមទាំងត្រូវប្រកាន់ខ្ជាប់ ធ្វើយ៉ាងណារក្សានូវសាមគ្គីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមបំពេញតួនាទី ភារកិច្ច ក្នុងគោលដៅបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕

ពត័មានពេញនិយម