វៀតណាម បង្ខំចិត្តបិទអាកាសយានដ្ឋានអន្ដរជាតិជាច្រើនកន្លែង ជម្លៀសមនុស្សជាង១ម៉ឺននាក់

06-កញ្ជា-2024 - ម៉ោង 09:59:AM

រដ្ឋធានីហាណូយ៖ ស្របពេលមានការព្យាករ អំពីខ្យល់ព្យុះដ៏កំណាចទីហ្វុងយ៉ាហ្គី (Yagi) នឹងវាយប្រហារទៅលើតំបន់ភាគខាងជើងរបស់ប្រទេសវៀតណាម នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ ស្អែកនេះ អាជ្ញាធររបស់ប្រទេសអាស៊ានមួយនេះ បានប្រញាប់ប្រញាល់បង្ខំចិត្ត បិទអាកាសយានដ្ឋានអន្ដរជាតិចំនួនកន្លែង ហើយជម្លៀសមនុស្ស ជាង១៣ ០០០នាក់។

មជ្ឈមណ្ឌលជាតិព្យាករធនធានជលសាស្ត្ររបស់វៀតណាម បានចេញនូវព្រឹត្តិបត្រជាបន្ទាន់មួយ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ដោយបានបញ្ជាក់ ថា ព្យុះទីហ្វុងយ៉ាហ្គី (Yagi) ខណៈឥឡូវ ក្លាយជាព្យុះ ប្រភេទកម្រិតទី៥ បន្តបក់បោកទៅលើសមុទ្រភាគខាងកើត។ ប៉ុន្ដែបើគិតត្រឹមវេលាម៉ោង១រសៀល ថ្ងៃដដែលនេះ ព្យុះនេះកំពុងតែស្ថិតនៅចម្ងាយ ប្រហែល៤៦០គីឡូម៉ែត្រ ពីតំបន់ភាគខាងកើត នៃកោះហៃណាន (Hainan) របស់ប្រទេសចិន។ ខ្យល់ព្យុះកំណាចនេះ មានល្បឿន ចន្លោះពី១៨៤ដល់២០១គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយវានឹងមានល្បឿនឡើងខ្លាំង រហូតដល់២២០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ខ្យល់ព្យុះមានកម្លាំងខ្លាំងមួយនេះ នឹងបោកបក់ខ្លាំងទៅលើតំបន់ភាគខាងជើងរបស់ប្រទេសវៀតណាម នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤។ ខ្យល់ព្យុះនេះនឹងធ្វើឲ្យមានផលប៉ះពាល់ដល់តំបន់ទាំងនោះ ស្របពេលអាជ្ញាធរវៀតណាម បានចេញនូវការព្រមានជាបន្ទាន់មួយ។


បើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានឲ្យដឹង ថា អាកាសយានដ្ឋានវ៉ាន់ដុន (Van Don), អាកាសយានដ្ឋានកាតប៊ី (Cat Bi), អាកាសយានដ្ឋានណយបៃ (Noi Bai) និង អាកាសយានដ្ឋានធូស៊ួន (Tho Xuan) នឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ព្រោះតែខ្យល់ព្យុះមានកម្លាំងខ្លាំង វាយប្រហារមកកាន់ប្រទេសវៀតណាម នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា។ ការផ្អាកដំណើរការលើវិស័យអាកាសចរណ៍ជាបណ្ដោះអាសន្នបែបនេះ គឺដើម្បីបញ្ចៀសនូវហានិភ័យ អំពីគ្រោះមហន្តរាយនានាជាយថាហេតុ និង គិតគូរអំពីការគំរាមកំហែងដល់សុវត្ថិភាព នៅតាមអាកាសយានដ្ឋានទាំងនេះ។

ទន្ទឹមគ្នានេះដែរ អាជ្ញាធរវៀតណាម បានជម្លៀសប្រជាជនរបស់ខ្លួន ជាង១៣០០០នាក់ ដែលរស់នៅតាមកន្លែងងាយរងគ្រោះ ដូចជា តំបន់ហៃហ្វុង (Hai Phong), ងួង និញ (Quang Ninh) និង ថៃប៊ិញ (Thai Binh) ជាដើម។ ស្របគ្នានេះដែរ អាជ្ញាធរ ក៏បានបិទសាលារៀនមួយចំនួន ដើម្បីរក្សាសុវត្ថិភាពដល់សិស្ស ហើយបានតម្រូវឲ្យបង្រៀន និង រៀនតាមអនឡាញ៕

ពត័មានពេញនិយម