ហួសចិត្តនឹងនារីក្មេងៗជាច្រើននាក់ វាយតប់គ្នាដណ្ដើមប្រុស ធ្វើឲ្យខូចដល់តម្លៃថ្លៃថ្នូររបស់ស្រ្ដីទូទៅ

06-កញ្ជា-2024 - ម៉ោង 09:56:AM

 

ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីជាច្រើននាក់ បានវាយតប់ លោតទាត់ធាក់គ្នា នៅតាមដងផ្លូវសាធារណៈ ត្រូវបានគេថតជាឃ្លីបវីដេអូ យកមកបង្ហោះ នៅតាមបណ្ដាញសង្គម ដោយមានការអះអាង អំពីការឈ្លោះនេះ គឺដណ្ដើមសង្សារគ្នាជាជនជាតិចិន ហើយសកម្មភាពបែបនេះ ធ្វើឲ្យប៉ះពាល់ដល់តម្លៃថ្លៃថ្នូររបស់ស្រ្ដីទូទៅ ដែលប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ ចរិយាធម៌ និង ប្រពៃណីដ៏ល្អរបស់ខ្លួន។

បើតាមឃ្លីបវីដេអូនោះ បានបង្ហាញ អំពីនារីក្មេងៗជាច្រើននាក់ វាយតប់ និង លោតទាត់ធាក់គ្នា ខណៈមានការអះអាង ថា ពួកនាងៗទាំងនោះ បានវាយដណ្ដើមសង្សារគ្នា ដែលជាជនជាតិចិន ឬ បើគេនិយាយយ៉ាងខ្លី តែវាអាក្រក់ស្ដាប់បន្ដិចទៅចុះ គឺ«ឈ្លោះគ្នាដណ្ដើមប្រុស»។ ឃ្លីបវីដេអូដដែលនោះ ក៏បានអះអាង ថា ហេតុការណ៍ផ្ទុះជម្លោះ រហូតឈានដល់ការប្រើប្រាស់អំពីហិង្សានោះ បានកើតឡើង កាលពីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាន I Love Cambodia Hot News របស់យើងខ្ញុំ មិនអាចស្វែងរកការបញ្ជាក់ អំពីការពិត ជុំវិញការអះអាង ថា ហេតុការណ៍នេះ បានកើតឡើង នៅលើទឹកដីរបស់ក្រុងប៉ោយប៉ែត ពិតប្រាកដមែននោះដែរ។ ប្រសិនបើករណីនេះ ពិតជាមានការកើតឡើង អំពីការវាយគ្នា ព្រោះដណ្ដើមប្រុសប្រាកមែននោះ ក៏ជាការបង្ហាញ អំពីការបាត់បង់នូវគុណធម៌ សម្រាប់លើកតម្កើង ដល់តម្លៃជីវិតរបស់ពួកគាត់ ផងដែរ។

ជាការពិតណាស់ មនុស្សជាតិទូទៅ នៅលើពិភពលោកនេះ មិនថា ជាតិសាសន៍នេះ ឬ ជាតិកំណើតណាមួយនោះទេ គឺត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្រេបជញ្ជាក់យកចំណេះជំនាញ តាមសមត្ថភាពរបស់ខ្លួន ដើម្បីមកចិញ្ចឹមជីវិត និង ត្រូវតែបណ្ដុះនូវគុណធម៌ ដើម្បីចិញ្ចឹមនូវតម្លៃនៃជីវិតរបស់ខ្លួន៕