បណ្ឌិតសភាចារ្យ សុខ ទូច៖ អ្នកជិតខាងគេទប់កម្ពុជា ក្នុងករណីព្រែកជីកហ្វូណនតេជោមិនបាន ទើបគេដុតបញ្ឆេះរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA

06-កញ្ជា-2024 - ម៉ោង 09:40:AM

 


(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ដោយសារតែអ្នកជិតខាងខ្មែរ គេទប់កម្ពុជានៅក្នុងករណីព្រែកជីកហ្វូណនតេជោមិនបានសម្រេច ទើបគេដុតបញ្ឆេះរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ខណៈដែលខ្មែរនៅក្រៅស្រុក មិនបានយល់អំពីបញ្ហានេះ បែរជាចូលរួមដុតបញ្ឆេះប្រទេសជាតិខ្លួនឯងទៅវិញ។

May be an image of 2 people, dais and text

លោកបណ្ឌិតសភាចារ្យបាន លើកឡើងបែបនេះ នៅក្នុងនាមជាគណៈអធិបតី បិទវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល» នាល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។


ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់ថា៖ «ពីមុនដោយសារយើងបាត់ដី ដោយសារយើងគ្មានព្រំដែនច្បាស់លាស់ តែពេលនេះយើងមានព្រំដែនច្បាស់លាស់ចំនួន ៥ យ៉ាងគឺ មានព្រំដែនច្បាស់លាស់, មានផ្លូវ, យើងរក្សាបង្គោលពីអនាគមនិយមបារាំង, យើងមិនឱ្យជួលដីនៅតាមព្រំដែន ហើយតំបន់ស យើងមានសិទ្ធិធ្វើផ្លូវ។ ប្រទេសចូល ធំ ខ្លាំង មិនសំខាន់ទេ សំខាន់គឺឯកភាពជាតិ អ៊ីស្រាអេលតូចមួយ នៅក្នុងប្រទេសព័ទ្ធជុំវិញដោយសត្រូវ តែអ៊ីស្រាអែលនៅតែរឹងមាំ ដោយសារគេឯកភាព»។

ការស្នេហាជាតិ មនសិកាប្រទេស គឺពិតជាសំខាន់ណាស់ ដើម្បីអភិវឌ្ឍនមាតុភូមិរបស់ខ្លួន ព្រោះមានតែឯកភាពជាតិ តែប៉ុណ្ណោះដែលយើងអាចកសាងប្រទេសជាតិមួយនេះឱ្យរីកចម្រើនដូចបណ្ដាប្រទេសនានា ដូចជាប្រទេសកូរ៉េខាងត្បូង និងជប៉ុនជាដើម ដែលមូលដ្ឋានចម្បង គឺឯកភាពជាតិ នេះគឺជាការបញ្ជាក់បន្ថែមពីលោកបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ សុខ ទូច បានស្នើសុំឱ្យរដ្ឋសភាជាតិកម្ពុជា ផ្ដួចផ្ដើមគំនិតរៀបចំច្បាប់ហាមឃាត់ចំពោះអ្នកដែលមានសញ្ជាតិពីរ មិនឱ្យធ្វើនយោបាយ ដើម្បីចូលរួមចំណែកជំរុញមនសិកាជាតិ និងស្មារតីស្នេហាជាតិពិតប្រាកដរបស់អ្នកនយោបាយខ្មែរ៕