ខ្យល់ព្យុះកំណាច វាយប្រហារទៅលើតំបន់ភាគខាងជើងវៀតណាម បង្កឲ្យមានក្ដីព្រួយបារម្ភអំពីគ្រោះមហន្ដរាយ

06-កញ្ជា-2024 - ម៉ោង 09:25:AM

 

រដ្ឋធានីហាណូយ៖ ព្យុះទីហ្វុងយ៉ាហ្គី (Yagi) ដែលជាព្យុះទីហ្វុងដ៏កំណាចលំដាប់ទី៣ សម្រាប់ឆ្នាំ២០២៤ កំពុងតែវាយប្រហារទៅលើសមុទ្រភាគខាងកើត ដោយព្យុះនេះ នៅតែបន្ដរក្សានូវកម្រិតទី៥របស់វា ជាមួយនឹងល្បឿនខ្យល់ រហូតដល់២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ នេះបើតាមសារព័ត៌មានរបស់វៀតណាម Vietnam Net បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤។

ខ្យល់ព្យុះមានកម្លាំងខ្លាំងមួយនេះ នឹងបោកបក់ខ្លាំងទៅលើតំបន់ភាគខាងជើងរបស់ប្រទេសវៀតណាម នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤។ ខ្យល់ព្យុះនេះនឹងធ្វើឲ្យមានផលប៉ះពាល់ដល់តំបន់ទាំងនោះ ស្របពេលអាជ្ញាធរវៀតណាម បានចេញនូវការព្រមានជាបន្ទាន់មួយ។

មជ្ឈមណ្ឌលជាតិព្យាករធនធានជលសាស្ត្ររបស់វៀតណាម បានចេញនូវព្រឹត្តិបត្រជាបន្ទាន់មួយ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ដោយបានបញ្ជាក់ ថា ព្យុះទីហ្វុងយ៉ាហ្គី (Yagi) ខណៈឥឡូវ ក្លាយជាព្យុះ ប្រភេទកម្រិតទី៥ បន្តបក់បោកទៅលើសមុទ្រភាគខាងកើត។ ប៉ុន្ដែបើគិតត្រឹមវេលាម៉ោង១រសៀល ថ្ងៃដដែលនេះ ព្យុះនេះកំពុងតែស្ថិតនៅចម្ងាយ ប្រហែល៤៦០គីឡូម៉ែត្រ ពីតំបន់ភាគខាងកើត នៃកោះហៃណាន (Hainan) របស់ប្រទេសចិន។ ខ្យល់ព្យុះកំណាចនេះ មានល្បឿន ចន្លោះពី១៨៤ដល់២០១គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយវានឹងមានល្បឿនឡើងខ្លាំង រហូតដល់២២០ គីឡូម៉ែត្រក្នុងមួយម៉ោង។

បើទោះជាយ៉ាងណា ព្យុះនេះនឹងធ្លាក់ចុះខ្យោយមកវិញ ខណៈវាបោកបក់ទៅដល់តំបន់ភាគខាងលិច ជាមួយនឹងល្បឿនខ្យល់ ១០គីឡូម៉ែត្រក្នុង១ម៉ោង។ ប៉ុន្ដែបើតាមការព្យាករ បានអះអាង ថា នៅត្រឹមពាក់កណ្ដាល ថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ព្យុះទីហ្វុងយ៉ាហ្គី នឹងបក់បោកទៅដល់បំន់ភាគខាងជើង នៃប្រទេសវៀតណាម ហើយវានឹងនាំមកនូវបំផ្លិចបំផ្លាញ និង បង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ។

ចាប់ពីល្ងាច ថ្ងៃសុក្រ ទី៦ រហូតដល់ព្រឹក ថ្ងៃចន្ទ ទី៩ ខែកញ្ញា តំបន់ភាគខាងជើង និង តំបន់ភាគកណ្ដាល នៃភាគខាងជើងរបស់ប្រទេសវៀតណាម នឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំងបំផុត ជាមួយនឹងបរិមាណទឹកភ្លៀង សរុប ចន្លោះចាប់ពី ១00រហូតដល់៣៥0មិល្លីម៉ែត្រ ហើយវានឹងធ្វើឲ្យតំបន់ទាំងនោះ ទទួលបានទឹកភ្លៀង រហូតដល់ជាង៥00 មិល្លីម៉ែត្រ។ ភ្លៀងធ្លាក់ខ្លាំងបែបនេះ នឹងបង្កឲ្យមានក្តីបារម្ភ អំពីទឹកជំន់ជន់លិច នៅតាមតំបន់វាលទំនាប ខណៈទឹកជំនន់នឹងជន់លិចភ្លាមៗ នៅតាមទន្លេតូចៗ និង ការរអិលបាក់ដី នៅតាមតំបន់ភ្នំ៕

ពត័មានពេញនិយម