ការចំណាយលើកម្មវិធីនាំពលរដ្ឋទៅលេងកម្សាន្តនៅខេត្តភូមិភាគឦសាន មិនបានប្រើថវិកាជាតិទេ និងមិនពាក់ព័ន្ធមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែននោះឡើយ

05-កញ្ជា-2024 - ម៉ោង 04:21:PM

 

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការចំណាយលើកម្មវិធីនាំប្រជាពលរដ្ឋទៅលេងកម្សាន្តនៅខេត្តជាប់ព្រំដែន ភូមិភាគឦសាន គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មិនបានប្រើថវិកាជាតិនោះទេ។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែករបស់សម្តេច និងក្រុមគ្រួសារ ដែលថវិកានេះមិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែននោះឡើយ។

ការបញ្ជាក់បែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពប្រគល់វិញ្ញាបនបត្រ ជូនសិស្ស មេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប នៅរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្រាប់ដំណើរទស្សនកម្សាន្តនេះ គឺជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់។ ចំពោះរឿងនេះត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរៀបចំរួចរាល់ហើយ ដោយចេញដំណើរនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ គិតដល់ពេលនេះ មានប្រជាពលរដ្ឋជាង ១ពាន់នាក់ហើយ ដែលបានចុះឈ្មោះតាមប្រព័ន្ធអនឡាញ សម្រាប់ដំណើរកម្សាន្តទៅកាន់ខេត្តភូមិភាគឦសាន ដោយឥតគិតថ្លៃ រៀបចំឡើងដោយរាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ដំណើរទស្សនកម្សាន្តនេះ បានធ្វើឡើងនៅចុងសប្តាហ៍ ក្នុងមួយដំណើរទស្សនកិច្ចកម្សាន្ត មានចំនួន ២០០នាក់ ប្រើប្រាស់រថយន្តក្រុងចំនួន១៤។ ដំណើរទស្សនកិច្ចកម្សាន្តនៅខេត្តភូមិភាគឦសាននេះ គឺមានជម្រើសវិលល្ងាច និង១យប់ តាមស្ថានភាពជាក់ស្តែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហើយការចុះឈ្មោះក្តី ការធ្វើដំណើរ ហូបចុកក្តី ស្នាក់នៅក្តី គឺអត់តម្រូវឱ្យបង់ថ្លៃទាំងអស់ សូមប្រយ័ត្ន ព្រោះខ្លាចមានអ្នកឆ្លៀត ថវិកា គឺមិនយកថវិការបស់រដ្ឋនោះទេ ទីពីរក៏អត់ប៉ះពាល់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះដែរ។ ថវិកានេះ ខ្ញុំ និងគ្រួសារ បូកជាមួយសប្បុរសជនជាច្រើនបានចូលរួម»។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅក្នុងរៀបចំដំណើរទស្សនកិច្ចកម្សាន្តនៅព្រំដែន ខេត្តភូមិភាគឦសាននេះ មានសប្បុរសជនជាច្រើនបានចូលរួមជាមួយរាជរដ្ឋាភិបាល ដោយឧបត្ថម្ភអាហារហូបចុក ការបញ្ចុះតម្លៃកន្លែងស្នាក់នៅ ផ្តល់ការស្នាក់នៅមិនគិតថ្លៃនៅចុងសប្តាហ៍សម្រាប់អ្នកចូលរួមធ្វើដំណើរទស្សនកិច្ចជាដើម។

គួររម្លឹកថា នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផលរយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់តាំងរដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺលោក នេត្រ ភក្ត្រា ជាអ្នកទទួលភារកិច្ចរៀបចំដំណើរកម្សាន្ត ដោយផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូន និងអាហារ ដោយមិនគិតថ្លៃ រៀងរាល់ចុងសប្តាហ៍ ហើយចាប់ផ្តើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនបានទៅដល់ខេត្តទាំង៤នោះ និងឃើញទិដ្ឋភាពជាក់ស្តែងពីការអភិវឌ្ឍនៅតាមព្រំដែន និងផ្លូវនៅតាមព្រំដែន ក៏ដូចជាការវិវត្តរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ។

រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ដាក់ចេញ​គោលការណ៍​រៀបចំ​កម្មវិធី​ដំណើរ​កម្សាន្ត​ជូន​ពលរដ្ឋ​ និង​យុវជន​ទៅកាន់​ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​រតនគិរី ដោយ​ឥត​ថ្លៃ​រៀង​ង​រាល់​ចុង​សប្ដាហ៍​ចាប់ពី​ខែកញ្ញា​ ដល់​ខែធ្នូ ដើម្បី​ពួក​គាត់​បាន​ទិដ្ឋភាព​ការអភិវឌ្ឍ ក៏ដូចជា​ការ​អភិវឌ្ឍ​របស់​ប្រជាជន​ជាក់ស្ដែង​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា ឡាវ និង​វៀតណាម។

ការរៀបចំ​ដំណើរ​កម្សាន្ត​នេះ​មានបំណង​លុប​បំបាត់​មន្ទិល​សង្ស័យរ​បស់​ប្រជាពលរដ្ឋ​មកលើ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែល​ពួកគេ​បាន​សម្ដែង​ការព្រួយបារម្ភ​ខ្លាច​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​ រដ្ឋាភិបាល​បាន​អះអាងថា កិច្ចសហប្រតិបត្តិការ​នេះ ជា​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ ជាពិសេស​នាំមក​នូវ​វិបុលភាព​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំងបី៕