ក្រុងព្យុងយ៉ាង ប្រហារជីវិតមន្រ្ដីគ្រប់គ្រងគ្រោះមហន្ដរាយកូរ៉េខាងជើង ប្រហែល៣០នាក់

05-កញ្ជា-2024 - ម៉ោង 04:19:PM

 

រដ្ឋធានីព្យុងយ៉ាង៖ គ្រោះទឹកជំនន់ កាលពីខែកក្កដា កន្លងទៅថ្មីៗនេះ បានវាយប្រហារយ៉ាងខ្លាំង ទៅដល់ប្រទេសកូរ៉េខាងជើង ដោយបានឆក់យកអាយុជីវិតប្រជាជន អស់រាប់ពាន់នាក់ហើយចំនួនអ្នកស្លាប់ដ៏ច្រើនបែបនេះ បានធ្វើឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង ខឹងសម្បាយ៉ាងខ្លាំង រហូតឈានដល់ការកាត់ទោសប្រហារជីវិតមន្រ្ដីរបស់ខ្លួន ជាច្រើននាក់។

បណ្ដាញទូរទស្សន៍ India TV បានផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ ថា លោក គីម ជុងអ៊ុន (Kim Jon Un) មេដឹកនាំកូរ៉េខាងជើង ត្រូវបានគេរាយការណ៍ អំពីការកាត់ទោសប្រហារជីវិតមន្រ្ដីរដ្ឋាភិបាលក្រុងព្យុងយ៉ាង ចំនួន៣០នាក់ កាលពីខែសីហា ក្រោយពេលគ្រោះទឹកជំនន់ បានសម្លាប់មនុស្ស អស់រាប់ពាន់នាក់ ខណៈប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត បានរងរបួស។ មន្ត្រីរដ្ឋាភិបាលទាំងនោះ បានរងនូវការចោទប្រកាន់ ពីបទពុករលួយ និង បំភ្លៃការពិត លើកាតព្វកិច្ចរបស់ពួកគេ។

បណ្ដាញផ្សព្វផ្សាយជាច្រើន បានរាយការណ៍ អំពីស្ថានភាពវិវឌ្ឍដ៏គួរឲ្យភ័យខ្លាចនោះ ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រហារជីវិតមន្រ្ដីរដ្ឋាភិបាលក្រុងព្យុងយ៉ាង យ៉ាងតិច៣០នាក់ ចំពោះបរាជ័យ នៅក្នុងការទប់ស្កាត់ដល់ការស្លាប់របស់ប្រជាជន នៅក្នុងអំឡុងគ្រោះមហន្ដរាយនេះ។

បើតាមប្រភពព័ត៌មានមួយ បានប្រាប់ដល់បណ្ដាញទូរទស្សន៍របស់កូរ៉េខាងត្បូង Chosun TV ថា មន្រ្ដីកូរ៉េខាងជើង ចន្លោះពី២០ទៅ៣០នាក់ ត្រូវបានប្រហារជីវិត នៅក្នុងចំណោមតំបន់ដែលរងគ្រោះធ្ងន់ធ្ងរ ដោយសារទឹកជំនន់។

ទូរទស្សន៍ Chosun TV បានរាយការណ៍បន្ដ ថា គ្រោះទឹកជំនន់នេះ បានឆក់យកអាយុជីវិតមនុស្ស រាប់ពាន់នាក់ នៅក្នុងខេត្តចាហ្កាង (Jagang) ប្រទេសកូរ៉េខាងជើង ព្រោះខេត្តមួយនេះ បានរងគ្រោះ ដោយសារទឹកជំនន់ធ្ងន់ធ្ងរជាងគេ។ បើទោះជាយ៉ាងណា ទីភ្នាក់ងារចារកម្ម និង ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង មិនបានធ្វើអត្ថាធិប្បាយអ្វីលម្អិតអំពីបញ្ហានេះទេ ប៉ុន្ដែក្រុងសេអ៊ូល គ្រាន់តែបញ្ជាក់ ថា កូរ៉េខាងត្បូង កំពុងតែតាមដានស្ថានការណ៍វិវឌ្ឍថ្មីៗបន្ដទៀត។

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ កាលពីចុងខែកក្កដា ថា គាត់នឹងដាក់ទោសយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងមន្ត្រីណាដែលធ្វេសប្រហែស នៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ រហូតបណ្ដាលឲ្យមានមនុស្សស្លាប់ ឬ រងរបួស នៅក្នុងគ្រោះទឹកជំនន់នេះ។

ស្របគ្នានេះដែរ បណ្ដាញផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង ក៏បានផ្សាយ អំពីសកម្មភាពរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យដោយផ្ទាល់ នៅក្នុងប្រតិបត្តិការជួយសង្រ្គោះ។ ប៉ុន្ដែប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសឯកោមួយនេះ មិនបានរាយការណ៍ អំពីចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់នេះឡើយ ខណៈមនុស្សជាង ៥០០០នាក់ ត្រូវបានជួយសង្រ្គោះ និង ផ្ទះចំនួន៤១០០ខ្នង បានរងការខូចខាត ហើយដំណាំដាំដុះ រាប់សិបហិកតារ ត្រូវបានបំផ្លិចបំផ្លាញ៕

ពត័មានពេញនិយម