ព្រះករុណា ព្រះមហាក្សត្រក្នុងព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជាកិត្តិយសជូនឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និងគណៈប្រតិភូ, ព្រះអង្គបានមានព្រះរាជបន្ទូលថា កម្ពុជាបន្តគាំទ្រឥតងាករេចំពោះគោលនយោបាយចិនតែមួយ ហើយសង្ឃឹមថា មិត្តចិននឹងបន្តផ្ដល់ជំនួយសម្រាប់ការអភិវឌ្ឍ ក៏ដូចជាបន្តចែករំលែកបទពិសោធ និងផ្ទេរបច្ចេកវិទ្យាដល់កម្ពុជាបន្ថែមទៀត។
ក្នុងព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជាកិត្តិយសជូនឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋចំនួនពីរថ្ងៃនៅកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គបានមានព្រះរាជបន្ទូលថា កម្ពុជាបន្តគាំទ្រឥតងាករេចំពោះគោលនយោបាយចិនតែមួយ ហើយសង្ឃឹមថា មិត្តចិននឹងបន្តផ្ដល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបន្តចែករំលែកបទពិសោធន៍ល្អៗ និងផ្ទេរបច្ចេកវិទ្យាថ្មីៗដល់កម្ពុជាបន្ថែមទៀត។
ក្រៅពីមានព្រះរាជបន្ទូលបែបនេះ ព្រះករុណាព្រះមហាក្សត្រ ក៏បានមានព្រះរាជបន្ទូលថ្លែងនូវអំណរគុណចំពោះមិត្តចិនដែលតែងយកចិត្តទុកដាក់ជួយទំនុកបម្រុងដល់កម្ពុជាជានិច្ច ជាពិសេសជំនួយអភិវឌ្ឍ។
សូមជម្រាបជូនថា ឯកឧត្តម ស៊ី ជីនពីង ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ២ ថ្ងៃគឺពីថ្ងៃទី១៧ ដល់ទី១៨ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះមហាក្សត្រ។ ដំណើរទស្សនកិច្ចនេះបាននាំមកនូវជោគជ័យថ្មីៗថែមទៀតចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ការទូត សេដ្ឋកិច្ច-សង្គមវ ប្បធម៌ និងទេសចរណ៍ជាដើម៕