រាជធានីភ្នំពេញ៖ នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទើបនឹងបញ្ចប់ទៅនោះ មានប្រជាជាតិខ្មែរចំនួនរាប់សិបលាននាក់ បាននាំគ្នាសម្រុកទៅកាន់ស្រុកកំណើត និង ដើរលេងកម្សាន្ដ នៅតាមរមណីយដ្ឋាននានា ហើយចូលរួមមហាសង្ក្រាន្ដ នៅតាមទីអារាម ទីប្រជុំជន ភូមិស្រុក និងរាជធានី-ខេត្តផ្សេងៗ នៅទូទាំងប្រទេស។
មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានសរសេរសារ និង បង្ហោះរូបភាពជាច្រើនសន្លឹក នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ថា៖«នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរ និង បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្ត នៅទូទាំងប្រទេស មានចំនួនប្រមាណ ២៣ ៩៧៧ ៤៤១នាក់ ដោយបានកើនឡើង ៩,៩ភាគរយ ធៀបនឹងឆ្នាំ២០២៤ (ដែលមានចំនួន ២១ ៨១៣ ១៣៨ នាក់) ហើយក្នុងនោះរួមមាន៖
១-ភ្ញៀវជាតិ មានចំនួន ២៣ ៨៦២ ៣៥១នាក់
២-ភ្ញៀវអន្តរជាតិ មានចំនួន ១១៥ ០៩០នាក់។
ប្រភពដដែល បានបន្ដ ថា តួលេខប្រចាំថ្ងៃ រួមមាន៖ ១-ថ្ងៃទី១៤ ខែមេសា មានភ្ញៀវទេសចរចំនួន ៥ ៦៨៥ ២២៣នាក់, ២-ថ្ងៃទី១៥ ខែមេសា មានភ្ញៀវទេសចរ ចំនួន ៨ ៣៦៥ ៧២៤នាក់ និង ៣-ថ្ងៃទី១៦ ខែមេសា មានភ្ញៀវទេសចរ ចំនួន ៩ ៩២៦ ៤៩៤នាក់។ ប៉ុន្ដែនៅក្នុងរយៈពេល៣ថ្ងៃនេះ សម្រាប់រាជធានី-ខេត្តចំនួន៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ រួមមាន៖ ‘
១-រាជធានីភ្នំពេញ មានភ្ញៀវទេសចរ ចំនួន២ ៨៦៣ ៩២២ នាក់។
២-ខេត្តសៀមរាប ចំនួន២ ៧៥២ ៨១៨ នាក់
៣-ខេត្តកំពង់ចាម ចំនួន ២ ៧៤៨ ២២៨ នាក់
៤-ខេត្តព្រៃវែង ចំនួន២ ៣៩៤ ៣៤៣ នាក់
៥-ខេត្តបាត់ដំបង ចំនួន ១ ៧៤១ ៧៩៥នាក់។
ប្រភពដដែល បានបន្ថែម ថា ការបូកសរុបស្ថិតិភ្ញៀវទេសចរ និង បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្ត នៅទូទាំងប្រទេស រយៈពេល៣ថ្ងៃនេះ គឺត្រូវបានគណនា ដោយរាប់បញ្ចូលទាំងចំនួនភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្ត នៅតាមរមណីយដ្ឋាន និង គោលដៅទេសចរណ៍នានា នៅទូទាំងប្រទេស និង ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗ ដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និង ព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ។
ជាក់ស្តែង៖
១-រាជធានីភ្នំពេញ មានការរៀបចំព្រឹត្តការណ៍សង្រ្កាន្តវត្តភ្នំ និង ការលេងកម្សាន្ត នៅតាមផ្លូវថ្មើរជើងមាត់ទន្លេ។
២- ខេត្តសៀមរាប មានការរៀបចំមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
៣-ខេត្តកំពង់ចាម មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកំពង់ចាម និង ការតាំងបង្ហាញលៀសហាល៣តោន ប្រវែង១ពាន់ម៉ែត្រ។
៤-ខេត្តព្រៃវែង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង។
៥-ខេត្តបាត់ដំបង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ជាដើម។ ព្រឹត្ដិការណ៍ទាំងនេះ បានទាក់ទាញភ្ញៀវទេសចរ និង បងប្អូនប្រជាពលរដ្ឋ ទាំងនៅក្នុងរាជធានី-ខេត្តរបស់ខ្លួន ចូលរួមលេងកម្សាន្តពេញ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យនេះ។
ទន្ទឹងគ្នានេះដែរ បណ្តាខេត្តផ្សេងៗ ក៏បានរៀបចំឱ្យមានកម្មវិធីសង្រ្កាន្តឆ្នាំថ្មីផងដែរ ជាពិសេស នៅតាមទីប្រជុំជន ទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និង នៅតាមស្រុក-ភូមិនានា ដោយបានទាក់ទាញភ្ញៀវទេសចរ និង បងប្អូនប្រជាពលរដ្ឋ មកដើរកម្សាន្តយ៉ាងច្រើនកុះករ។
ចរន្តភ្ញៀវទេសចរដ៏ច្រើនបែបនេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើន ទាំងនៅថ្នាក់ជាតិ និង នៅតាមមូលដ្ឋាន។ ស្របគ្នានេះដែរ បណ្តាសណ្ឋាគារ សេវាស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន និង អាហារដ្ឋាន ហើយរមណីយដ្ឋានទេសចរណ៍ នៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរតែពេញ ១០០ភាគរយ។ ដូច្នេះវិស័យឯកជន មានក្តីរីករាយ និងបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការអភិវឌ្ឍន៍លើមាគ៌ាដ៏ត្រឹមត្រូវនៃវិស័យ ទេសចរណ៍កម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្ដម ឃួង ស្រេង អភិបាលធានីភ្នំពេញ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅតំបន់ត្រជាក់ចិត្ត«សង្ក្រាន្តវត្តភ្នំ» នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ជាមួយទិដ្ឋភាពរបស់បងប្អូនប្រជាពលរដ្ឋ ចូលរួមលេងកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ នៅក្នុងអំឡុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃនេះ៕