បុរសម្នាក់តូចចិត្តនឹងមិត្តភក្ដិ ចាប់រំលោភប្រពន្ធ ដឹកដៃគ្នាទៅលោតទឹកសម្លាប់ខ្លួន

13 ម៉ោងមុន

រាជធានីភ្នំពេញ៖ បុរសម្នាក់បានតូចចិត្តនឹងមិត្តភក្ដិចាប់ប្រពន្ធរបស់ខ្លួន រំលោភសេពសន្ថវៈរហូតបានសម្រេច ទើបជួលកង់បីជិះ ហើយបាននាំគ្នាលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង ៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសស្រ្ដីជាប្ដីប្រពន្ធ បាននាំគ្នាជួលម៉ូតូកង់បីជិះ នៅក្នុងទិសដៅពីលិចទៅកើត។ លុះពេលពួកគេបានធ្វើដំណើរមកដល់ពាក់កណ្ដាលស្ពានជ្រោយចង្វា ក៏ប្រាប់អ្នកបើកកង់បីឈប់។ ភ្លាមៗនោះ ប្រុសស្ដ្រីទាំង២នាក់ប្ដីប្រពន្ធ បានចុះពីលើកង់បី ហើយកាន់ដៃគ្នា សន្ទុះលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា ហើយបានលិចចូលទៅក្នុងទឹកទន្លេ។ ឃើញហេតុការណ៍បែបនេះ អ្នកធ្វើដំណើរ បានស្រែកឆោឡោឡើង ផ្អើលដល់ក្រុមអ្នកនេសាទនៅក្បែរនោះ បានចេញទូកធ្វើអន្ដរាគមន៍ ជួយសង្គ្រោះពួកគេទាំងពីរនាក់ទាន់ពេលវេលា រួចហើយបញ្ជូនទៅកាន់ត្រើយខាងកើត។ រីឯជនរងគ្រោះទាំងនាក់នេះ គឺប្ដីឈ្មោះ ម៉ក មាន ២ អាយុ៣១ឆ្នាំ និង ប្រពន្ធ ឈ្មោះ ស៊ឹម ចរិយា អាយុ៣១ឆ្នាំ ហើយពួកគេទាំងពីរនាក់ប្ដីប្រពន្ធមានទីលំនៅមិនពិតប្រាកដ។

បើតាមសេចក្ដីរាយការណ៍ដដែល បានបន្ដ ថា មូលហេតុដែលបុរសស្រ្ដីទាំង២នាក់ប្ដីប្រពន្ធគិតខ្លីបែបនេះ ក៏ដោយសារតែពួកគេតូចចិត្តនឹងខ្លួនឯង មានរឿងរ៉ាវច្រើន គិតមិនចេញ ខណៈគេជាប្ដីបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូរងរបួស ហើយទៅដេកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ស្របគ្នានេះប្រពន្ធរបស់គេ បែរជាត្រូវបានមិត្តភក្ដិចាប់រំលោភ។

បើតាមបុរសជាប្ដី បានឲ្យដឹង ថា កាលពីថ្ងៃចូលឆ្នាំទី២ គាត់បានជិះម៉ូតូដួលរងរបួស ហើយទៅដេកព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យ។ ប៉ុន្ដែបែរប្រពន្ធរបស់គាត់បែរជាត្រូវបានមិត្តភក្ដិម្នាក់ ឈ្មោះ ហុង បានហៅទៅឲ្យជួយធ្វើម្ហូប រួចហើយបានចាប់រំលោភប្រពន្ធរបស់គាត់ រហូតបានសម្រេច។ បន្ទាប់មក ប្រពន្ធរបស់គាត់បានរត់ទៅប្រាប់គាត់ដល់ក្នុងមន្ទីរពេទ្យ ហើយត្រូវបានជនបង្កគំរាមសម្លាប់គាត់ថែមទៀត។

ក្រោយពេលកើតហេតុ សាច់ញាតិបានដឹកជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ ត្រឡប់ទៅផ្ទះវិញ ហើយរង់ចាំសមត្ថកិច្ចជួយស្វែងរកយុត្តិធម៌ ដល់ពួកគេទាំង២នាក់៕

ពត័មានពេញនិយម