រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលពិភពលោកកំពុងតែជ្រួលច្របល់ ជាមួយនឹងសង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នោះ អភិបាលរដ្ឋកាលីហ្វ័រញ៉ារបស់ប្រទេសមហាអំណាចកំពូលលេខ១របស់ពិភពលោក ទាំងសេដ្ឋកិច្ច និង យោធាមួយនេះ បានប្ដឹងរដ្ឋការរបស់គាត់ ទៅកាន់តុលាការ ចំពោះការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងបញ្ហាការដំឡើងពន្ធរបស់គាត់។
ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ថា រដ្ឋកាលីហ្វ័រញ៉ា (California) ជារដ្ឋមួយ នៅក្នុងចំណោមរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក បានប្តឹងរដ្ឋាភិបាលសហព័ន្ធន៍ ទៅកាន់តុលាការ ជុំវិញវិធានការដំឡើងពន្ធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈលោកអភិបាល និង រដ្ឋអាជ្ញា ប្រចាំរដ្ឋនេះ បានអះអាង ថា ប្រធានាធិបតីសហរដ្ឋអាមេរិក មិនមានសិទ្ធិដាក់ចេញនូវពន្ធគយនោះឡើយ។
ច្បាប់សេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ ហៅកាត់ IEEPA គឺជាច្បាប់សហព័ន្ធន៍ ផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតី នៅក្នុងការងារគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និង បង្កកទ្រព្យសម្បត្តិបរទេស ដើម្បីឆ្លើយតបទៅនឹងគ្រាអាសន្នរបស់ជាតិ ដែលត្រូវរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។
បណ្តឹង កាលពីថ្ងៃពុធ ទី១៧ ខែមេសា បានលើកឡើង ថា ច្បាប់ IEEPA ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រើជាហេតុផល សម្រាប់ដំឡើងពន្ធ រហូតដល់១៤៥ភាគរយ ដោយមិនបានចែង ថា ប្រធានាធិបតីអាមេរិក មានសិទ្ធិដាក់ពន្ធលើទំនិញនាំចូល មកកាន់សហរដ្ឋអាមេរិក នោះឡើយ។
លោក ហ្កាវីន នូវសាំ (Gavin Newsom) អភិបាលរដ្ឋកាលីហ័្វរញ៉ា បានបញ្ជាក់ ថា៖«ការគ្រប់គ្រងសេដ្ឋកិច្ចតាមរបៀបមិនត្រឹមត្រូវរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតែធ្វើឱ្យប្រជាពលរដ្ឋអាមេរិកាំង ត្រូវបង្កើននូវការចំណាយប្រចាំថ្ងៃ កាន់តែច្រើនឡើង ដោយរាប់បញ្ចូលទាំងមនុស្សជាច្រើន ដែលបានបោះឆ្នោតឱ្យគាត់ផងដែរ។ ឥឡូវលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតែកាងឱ្យម្ចាស់ជំនួយ និង ក្រុមមហាសេដ្ឋីជាសម្ពន្ធមិត្តរបស់គាត់ថែមទៀត។
ស្របគ្នានេះដែរ លោក រ៉ប់ បូនថា ( Rob Bonta) អគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ័្វរញ៉ា បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន ថា៖«យើងកំពុងតែស្នើសុំឱ្យតុលាការ គ្រប់គ្រងប្រធានាធិបតី… និងរក្សារដ្ឋធម្មនុញ្ញ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនមែនទើបតែអង្គុយលើច្បាប់ម្តងជាពីរដងនោះឡើយ។
នេះជាចំណាត់ការប្រឆាំងដ៏ខ្លាំងក្លាបំផុត ចំពោះពន្ធគយរបស់លោកប្រធានាធិបតី ត្រាំ ដែលបាននាំឱ្យទីផ្សារភាគហ៊ុនរបស់ពិភពលោក ស្ទើរតែឈានទៅរកការដួលរលំ។ លើសពីនេះទៅទៀត ក្រុមហ៊ុនអាជីវកម្ម នៅទូទាំងសហរដ្ឋអាមេរិក មានភាពច្របូកច្របល់ ខណៈប្រជាពលរដ្ឋ ប្រហែល៤០លាននាក់ រកចំណូលបានពីទីផ្សារខាងក្រៅ ហើយបានរួមចំណែក១៤ភាគរយ នៃ GDP របស់សហរដ្ឋអាមេរិក នោះ គឺរដ្ឋកាលីហ្វ័រញ៉ា ទំនងជាទទួលរងផលប៉ះពាល់ខ្លាំង អំពីការខូចខាតសេដ្ឋកិច្ច តាមរយៈការដំឡើងពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ»។
លោកអភិបាលរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធ ទី១៦ ខែមេសា បានចាត់ទុកពន្ធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជារឿងមួយបំផ្លាញយ៉ាងខ្លាំង មកលើខ្លួនឯង ហើយយើងធ្លាប់ជួបប្រទះ នៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក នាសម័យទំនើប ខណៈគាត់បានលើកឡើងពីបណ្តឹងរបស់រដ្ឋកាលីហ្វ័រញ៉ា ប្រឆាំងនឹងការយកពន្ធមួយចំនួន ផងដែរ៕