អាល្លឺម៉ង់ ព្រមានអំពីផែនការរបស់ពូទីន វាយប្រហារលើទឹកដីរបស់ណាតូ

12 ម៉ោងមុន

រដ្ឋធានីប៊ែរឡាំង៖ បើតាមសេចក្ដីរាយការណ៍នានា ដោយផ្អែកលើសារព័ត៌មានរបស់អាល្លឺម៉ង់ Bild បានឲ្យដឹង ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាល្លឺម៉ង់ ជឿ ថា វិមានក្រឹមឡាំង កំពុងតែនិយាយកុហកយ៉ាងខ្លាំង សម្រាប់សង្គ្រាមទ្រង់ទ្រាយធំ នាពេលខាងមុខ ជាមួយអង្គការណាតូ នៅចុងទសវត្សរ៍នេះ។ នេះបើតាមសារព័ត៌មាន The Daily Digest បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥។

បើតាមឯកសារជាច្រើន បង្ហាញ ថា រុស្ស៊ី កំពុងតែចាត់ទុកលោកខាងលិច ជាសត្រូវដ៏ធំបំផុត ហើយចិញ្ចឹមចិត្ត កសាងសមត្ថភាពយោធារបស់ខ្លួនឡើងវិញ សម្រាប់ជម្លោះយូរអង្វែង។

លោក កាស្ដែន ប៊្រូអែរ (Carsten Breuer) អគ្គអធិការកិច្ចកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ បានប្រាប់ដល់សារព័ត៌មាន Welt ថា គោលដៅរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ចង់កម្ទេចអង្គការណាតូ ទើបក្រុងមូស្គូ មានគោលបំណង់ចង់បំពាក់អាវុធយ៉ាងឆាប់រហ័សដល់ទាហានរុស្ស៊ី និង បំពាក់បរិក្ខារយោធាឡើងវិញ។ ដូច្នេះ អាល្លឺម៉ង់ ត្រូវតែបង្កើនសមត្ថភាពដល់កងទ័ពរបស់ខ្លួន នៅត្រឹមឆ្នាំ២០២៩ ព្រោះគាត់កំពុងតែពិចារណា លើកិច្ចសហប្រតិបត្ដិការ ជាមួយសហរដ្ឋអាមេរិក ពិតជារឿងដ៏សំខាន់បំផុត។

អគ្គអធិការកិច្ចកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ រូបនេះ បានប្រាប់ដល់សារព័ត៌មានប្រចាំថ្ងៃរបស់អាល្លឺម៉ង់ Welt ថា៖«គាត់នៅតែប្តេជ្ញាចិត្ត ចំពោះភាពស្មោះត្រង់របស់សម្ពន្ធមិត្ត និង កិច្ចសហប្រតិបត្តិការលើគ្រឿងសព្វាវុធ ជាមួយរដ្ឋ ក្រោមការដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។ វិធានការទាំងនេះ ជាការចាំបាច់ សម្រាប់ធានាឱ្យបានឆាប់រហ័សនូវការត្រៀមខ្លួន សម្រាប់ប្រតិបត្តិការរបស់កងទ័ព។ ការត្រៀមខ្លួនប្រតិបត្តិការបែបនេះ ត្រូវតែសម្រេចបាន ជាមួយនឹងមធ្យោបាយទាំងអស់ដែលមាន។

អគ្គអធិការកិច្ចកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ បានសង្កត់ ថា៖«សហរដ្ឋអាមេរិក ដើរតួនាទីយ៉ាងសំខាន់ជាអ្នកផ្គត់ផ្គង់សម្ភារយោធា ព្រោះថា យើងនឹងមើលឃើញជាលើកដំបូង សម្រាប់អាល្លឺម៉ង់ និង អឺរ៉ុប តែពេលមានសម្ពាធ យើងអាចត្រូវតែទិញគ្រឿងសព្វាវុធ ពីសហរដ្ឋអាមេរិក»។

លោក ប៊្រូអែរ បានព្រមានអំពីការវាយប្រហាររបស់រុស្ស៊ី ព្រោះគាត់បានមើលឃើញ ថា វាជាការគំរាមកំហែងដ៏ខ្លាំងក្លា ដោយសារតែការបំពាក់អាវុធដ៏ធំឡើងវិញរបស់ប្រទេស។ ជាមួយគ្នានេះដែរ គាត់នៅតែមានទំនុកចិត្តលើសហរដ្ឋអាមេរិក នៅក្នុងព្រឹត្ដិការណ៍វាយប្រហាររបស់រុស្ស៊ី មកលើបណ្ដារដ្ឋបាល់ទិក នៅតែមិនអាចយកជ័យជម្នះ។ ទោះជាយ៉ាងណាក៏ដោយ គាត់នៅតែមើលឃើញ ថា សហរដ្ឋអាមេរិក នៅតែមិនអាចដើរចេញពីអង្គការណាតូ ជាជាងការរួបរួមគ្នា ជាមួយនឹងរដ្ឋជាសមាជិករបស់អង្គការណាតូទាំងអស់។

បើតាមសារព័ត៌មាន Welt បានឲ្យដឹង ថា នៅឆ្នាំក្រោយ រុស្ស៊ី នឹងមានកម្លាំងទាហាន រហូតដល់១,៥លាននាក់ ដោយកើតឡើងទ្វេដង ច្រើនជាមុនការផ្ទុះសង្គ្រាម នៅអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២រហូតមក។ ប៉ុន្ដែបើតាមឯកសារស៊ើបការណ៍សម្ងាត់ជាច្រើន រថក្រោះចំនួន១៥០០ នឹងត្រូវផលិត ឬបង្កើតថ្មីជារៀងរាល់ឆ្នាំ។ រីឯឃ្លាំងគ្រាប់រំសេវ ក៏នឹងត្រូវបំពេញឡើងវិញ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្រ្ដីអាល្លឺម៉ង់ បានអះអាង ថា រុស្ស៊ី នៅតែមិនមានសមត្ថភាពឈ្លានពានទ្រង់ទ្រាយធំ ប្រឆាំងនឹងអង្គការណាតូ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ រីឯក្រសួងសន្ដិសុខរដ្ឋរបស់លីទុយអានី បានបន្ថែម ថា សកម្មភាពយោធារបស់រុស្ស៊ី នៅមានកម្រិត ប្រឆាំងនឹងរដ្ឋនានា ជាសមាជិកណាមួយរបស់អង្គការណាតូ៕

ពត័មានពេញនិយម