សម្ដេចធិបតី ហ៊ុន ម៉ាណែត ÷ កម្ពុជា និងចិន ប្តេជ្ញាពង្រឹងការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី គ្រប់រដូវកាល

ម្សិលមិញ ម៉ោង 09:12:AM

អាចជារូបភាពនៃ 2 នាក់ និង អត្ថបទ
ភ្នំពេញ ÷ នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានសន្តិភាព។

អាចជារូបភាពនៃ 2 នាក់, ជើងតម្កល់ និង អត្ថបទ
ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះឯកឧត្តមប្រធានាធិបតី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកទី២ នៅកម្ពុជា។ សម្តេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលកន្លងមកតែងតែគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួយរបស់មិត្តចិនបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

អាចជារូបភាពនៃ 3 នាក់, ជើងតម្កល់ និង អត្ថបទ

លើសពីនេះ សម្តេចបវរធិបតីបានគូសរំលេចកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព រួមមាន៖ នយោបាយ, សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងវិនិយោគ, កសិកម្ម, ទេសចរណ៍, ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងជំនួយអភិវឌ្ឍន៍របស់ចិនសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា។ សម្តេចក៏បានលើកឡើងពីលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ដូចជា «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ», «ច្រករបៀងអភិវឌ្ឍឧស្សាហកម្ម» និង «ច្រករបៀងមច្ឆា និងអង្ករ» ជាដើម។ សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលនេះ រឹតតែជួយលើកកម្ពស់ទំនាក់ទំនងមិត្តភាពដ៏យូរលង់ ជាមិត្តដែកថែប និងជាមិត្តល្អ រវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹង ពង្រីកបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។

អាចជារូបភាពនៃ 2 នាក់ និង អក្សរ​ដែល​និយាយថា 'STPM
ជាការឆ្លើយតប, ឯកឧត្តម ស៊ី ជីនពីង បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា ហើយបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចម្តងទៀតនៅកម្ពុជា។ ឯកឧត្តមប្រធានាធិបតី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរចំពោះភាពល្បីល្បាញរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ឯកឧត្តមបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី កម្ពុជានឹងបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យថែមទៀត។ ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា, ឯកឧត្តម ស៊ី ជីនពីង បានលើកឡើងថាចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ ភាគីចិននឹងបន្តលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីដោយបន្តជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន, ការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ ការផ្លាស់ប្តូរទស្សនកិច្ចរវាងយុវជន និងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់។

អាចជារូបភាពនៃ 8 នាក់, ជើងតម្កល់ និង អក្សរ​ដែល​និយាយថា 'STPM
ក្នុងឱកាសនៃជំនួបនោះ សម្តេចបវរធិបតី និងឯកឧត្តម ស៊ី ជីនពីង ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាដែលជាក្ដីកង្វល់រួម និងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា៖ សន្តិសុខ និងការពារជាតិ, ការបង្ក្រាបបទល្មើសឆ្លងដែន, ការពង្រឹងយន្តការពហុភាគីនិយម, និងការពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី។ ជាពិសេស ថ្នាក់ដឹកនាំទាំងពីរបានឯកភាពកសាងផែនការសកម្មភាពសម្រាប់ "ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល" ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ៕