ភ្នំពេញ ៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូ ណនតេជោរបស់កម្ពុជា ខណៈគម្រោងព្រែកជីកមួយនេះនឹងបម្រើការដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជានាពេលអនាគតនោះ។ថ្លែងប្រាប់អ្នកសារព័ត៌មានតាមបណ្តាញតេលេក្រាម ស្តីពីលទ្ធផលនៃកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ីជីនពីង នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងថា ឆ្លើយតបចំពោះសំណើររបស់សម្តេចតេជោ ហ៊ុន សែន ទាក់ទងនឹងគម្រោង«ព្រែកជីកហ្វូណនតេជោ»នោះ ឯកឧត្តម ស៊ី ជីនពីង បានរំលេចបន្ថែមថា«ភាគីចិនគឺគាំទ្រ ជាពិសេសគឺការគាំទ្រព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកំពុងតែដំណើរការសាងសង់ ហើយ ឯកឧត្តម ស៊ី ជីនពីន ក៏បានលើកឡើង និងឆ្លើយតបបន្ថែមថា ភាគីចិន និងភាគីកម្ពុជា ជាពិសេស ពង្រឹងទំនាក់ទំនងបន្ថែមទៀតទាំងក្របខណ្ឌគណបក្ស និងក្របខណ្ឌរដ្ឋាភិបាល ហើយរដ្ឋាភិបាលចិន នឹងជួយបណ្តុះបណ្តាលធនធានមនុស្ស ទាំងធនធានមនុស្សនៅក្នុងគណបក្សប្រជាជនកម្ពុជា និងធនធានមនុស្សនៅក្នុង រដ្ឋាភិបាល ដើម្បីសំដៅធ្វើយ៉ាងណាជាផ្នែកមួយចូលរួមចំណែកការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជា »។
ក្រោយប្រកាសគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោដោយផ្ទាល់មាត់ពីសំណាក់ ឯកឧត្តម ស៊ី ជីនពីងនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការត្រេកអរយ៉ាងខ្លាំង ចំពោះឯកឧត្តម ស៊ី ជីនពីង ដែលបានបង្ហាញនូវការគាំទ្រចំពោះការកសាងព្រែកជីកហ្វូណនតេជោ ខណៈសម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់អំពីសារៈសំខាន់បន្ថែមទៀតទាក់ទងនឹងគម្រោង ព្រែកជីកនេះ ដែលនឹងបម្រើដល់វិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ហើយវាក៏ជាផលចំណេញសម្រាប់កម្ពុជាសម្រាប់ការអភិវឌ្ឍនូវសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមនោះ។ នេះបើតាមការឲ្យដឹងបន្ថែមទៀតពីឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាដដែល៕