ថ្ងៃមង្គលការក្លាយជាបុណ្យសព

08-មេសា-2025 - ម៉ោង 09:16:AM

ខេត្តព្រៃវែង៖ កូនកំលោះក្រមុំមួយគូ បានដឹកដៃគ្នាចូលរោងការតាមប្រពៃណី ស្រាប់តែជួបនឹងគ្រោះអកុសល នឹកស្មានមិនដល់ បែរជាកូនក្រមុំបានគាំងបេះដូងស្លាប់ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកចូលរួមអបអរសាទរពិធីមង្គលការ កាលពីវេលាម៉ោង៩ និ៤០នាទីយប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅក្នុងភូមិទួលរកា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

បើតាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹង ថា នៅមុនពេលកើតហេតុ ចាស់ទុំកូនកំលោះក្រមុំ បានព្រមព្រៀងគ្នាឲ្យលោកតាអាចារ្យ ដេញវេលាការតាមប្រពៃណី សម្រាប់រៀបចំពិធីមង្គលការកូនស្រីប្រុសរបស់ពួកគាត់ ដោយកំណត់យកថ្ងៃ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃចន្ទ ទី៧ ខែមេសា ពុទ្ធសករាជ ២៥៦៨ គ.ស២០២៥ ជាថ្ងៃមង្គល។ បន្ទាប់មក គ្រួសារកូនកំលោះក្រមុំ បានដើរចែកសំបុត្រការ អញ្ជើញញាតិមិត្តជិតឆ្ងាយ មកចូលរួម និងឲ្យពរជ័យដល់គូស្រករថ្មីនេះ។ លុះមកដល់ថ្ងៃកំណត់ នៃពិធីមង្គលការ ក៏បានធ្វើឡើងតាមប្រពៃណីទំនៀមទម្លាប់ ដូចអ្នកស្រុកដទៃទៀតផងដែរ។ ប៉ុន្ដែជាអកុសល ស្រាប់តែកូនក្រមុំ បានគាំងបេះដូងស្លាប់ ធ្វើឲ្យកូនកំលោះរន្ធត់ចិត្តយ៉ាងខ្លាំង ហើយផ្អើលដល់អ្នកចូលរួមឲ្យពរជ័យ។

ទោះជាយ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍នោះ មិនបានបញ្ជាក់ ថា កូនក្រមុំ មានប្រវត្ដិកើតជំងឺអ្វីតាំងពីតូចមកនោះដែរ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ធ្វើកោសល្យវិច័យ ហើយចាត់ចែងតាមនីតិវិធី៕

ពត័មានពេញនិយម