ខេត្តបាត់ដំបង៖ ក្មេងបែកថ្នាំម្នាក់ បានកាន់កាំបិត ចូលកាប់លោកតាម្នាក់ដល់ក្នុងផ្ទះ បណ្ដាលឲ្យរងរបួសចំនួន៣កាំបិត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្សារសុភមង្គលបុរីជាយដែនថ្មី ស្ថិតក្នុងភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនកើតហេតុ មានក្មេងបែកថ្នាំម្នាក់ មានអាយុប្រហែលជាង២០ឆ្នាំ បានលួចចូលទៅក្នុងផ្ទះរបស់លោកតា ឈ្មោះ ស៊យ វ័យជាង៨០ឆ្នាំ រស់នៅភូមិកើតហេតុ។ លុះពេលគេបានចូលទៅដល់ក្នុងផ្ទះហើយ ក៏ឃើញលោកតា កំពុងតែសម្រាក នៅលើប៉ៅអ៊ី ហើយបានកាប់ប្រហារទៅលើជនរងគ្រោះ ចំនួន៣កាំបិត បង្កឲ្យផ្អើលដល់ចៅស្រីចំនួន២នាក់ ដែលដេកនៅក្បែរនោះ ក៏ស្រែឆោឡោហៅឪពុកម្ដាយ ថា មានមនុស្សចូលផ្ទះហើយ។ ភ្លាមៗនោះ ឪពុកម្តាយរបស់ក្មេងស្រីទាំង២នាក់នេះ បានស្ទុះចេញមកមើល ក៏ឃើញជនសង្ស័យកាន់កាំបិតជាប់នឹងដៃ ហើយឈរស្ងៀម។ ប៉ុន្ដែដោយសារតែមានការភិតភ័យខ្លាំងពេក ទើបម្ចាស់ផ្ទះ បានស្រែក ថា បើឯងមកពីទីណា វិលទៅទីហ្នឹងវិញទៅ យើងមិនរករឿងឯងទេ។
ប្រភពដដែល បានបន្ដ ថា បន្ទាប់មក ជនសង្ស័យ បានដើរចេញតាមក្រោយផ្ទះ រួចហើយបានឡើងតាមជណ្ដើរចេញទៅបាត់ទៅ។ ស្របគ្នានោះដែរ ម្ចាស់ផ្ទះបានប្រញាប់ប្រញាល់ បើកទ្វារ លើកឪពុករបស់ខ្លួន ចេញទៅក្រៅ ហើយបានស្រែកហៅអ្នកជិតខាង រហូតផ្អើលដល់អ្នកផ្សាររត់មកជួយ និង ទាក់ទងទៅសមត្ថកិច្ច ដើម្បីមកជួយធ្វើអន្តរាគមន៍។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានបញ្ជូនលោកតារងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនជនសង័្សយ ខណៈជនបង្កបានរត់គេចខ្លួនបាត់ ចូលទៅក្នុងទឹកដីថៃ៕