រាជធានីភ្នំពេញ៖ ស្រីស្អាតម្នាក់ បានបើករថយន្ដស៊េរីទំនើប បង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សម្នាក់ និង រងរបួសជាច្រើននាក់ ហើយត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន និង បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដើម្បីផ្ដន្ទាទោសតាមច្បាប់។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹង ថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន១ករណី នៅតាមផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមហ៊ុនខេហ្វ័រ ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានបង្កឡើង ដោយស្ត្រីម្នាក់ បានបើកបររថយន្ត ម៉ាក LEXUS NX200T ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BS-3393 បុកម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាក YAMAHA SIRIUS ពណ៌ខ្មៅគ្មានស្លាកលេខ បណ្ដាលឲ្យបុរសជាអ្នកបើកម៉ូតូបាត់បង់អាយុជីវិត និង ៥នាក់ផ្សេងទៀតរងរបួស។ រីឯស្រ្ដីជាអ្នកបើកបររថយន្ដបង្ក ឈ្មោះ ថូ មករា អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ០៤៤-០៤៥ ផ្លូវបេតុងថ្មី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចបានវាស់ជាតិអាល់កុលទៅលើអ្នកបើកបរ រកឃើញជាតិស្រវឹង ០.73Mg/L។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនស្រ្ដីជាអ្នកបើកបររថយន្ដបង្ក នាំទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ ហើយបានបបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥៕