កម្ពុជានឹងបញ្ជូនឧបនាយករដ្ឋមន្ត្រីមួយរូប និងរដ្ឋមន្ត្រីមួយរូបចរចានឹងអាមេរិកជុំវិញការដំឡើងពន្ធនាំចូល

13 ម៉ោងមុន

រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានត្រៀមបញ្ជូនឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដឹកនាំកិច្ចចរចាជាមួយសហរដ្ឋអាមេរិកជុំវិញការដំឡើងពន្ធនាំចូលដែលអាមេរិកដាក់ចេញជាមួយកម្ពុជានាពេលថ្មីៗនេះ

ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភ្លាមៗបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកប្រកាសឡើងការដំឡើងពន្ធគយ រដ្ឋាភិបាលកម្ពុជាបានគិតគូរ និងរៀបចំដោះស្រាយភ្លាមៗជាជំហ៊ាននៅក្នុងជួររដ្ឋាភិបាលមុននឹងបញ្ជូនលិខិតមួយចំពោះមុខទៅកាន់រដ្ឋបាល Donald Trump។
បញ្ជាក់ឡើងវិញ សម្តេចបវរធិបតី បានថ្លែងថា កម្ពុជាមិនដែលដាក់ពន្ធនាំចូលរបស់សហរដ្ឋ អាមេរិករហូតដល់៩៧%នោះទេ ផ្ទុយទៅវិញពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិកកម្ពុជាខ្ពស់បំផុតត្រឹម៣៥% ខណៈដែលជាមធ្យមមានត្រឹម២៩.៤% ប៉ុណ្ណោះ ។ ពាក់ព័ន្ធនឹងករណីដំឡើងពន្ធនេះដែរ សម្តេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាប្រើប្រាស់រយៈពេល៤១ម៉ោង និងដាក់ផែនការអនុវត្តត្រឹម៣៧ម៉ោង ដើម្បីបញ្ចប់កិច្ចការចំពោះមុខដោយបានផ្ញើលិខិតមួយទៅរដ្ឋបាល Donald Trumpផ្ទុយពីការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួនដែលចោទរដ្ឋាភិបាលកម្ពុជាមិនមានចំណាត់ការភ្លាមៗលើបញ្ហាខាងលើនេះ ខណៈដែលសម្តេចធិបតីថា កិច្ចការខ្លះមិនចាំបាច់បង្ហោះផ្សព្វផ្សាយនោះទេ តែត្រូវអនុវត្តភ្លាមៗទៅតែម្តង ។
សម្តេចបវរធិបតី បានបញ្ជាក់ថា ៖«រដ្ឋាភិបាលកម្ពុជាបានរៀបចំក្រុមការងារជាជំហ៊ាន២រួ ចទៅហើយ ដោយត្រៀមលក្ខណៈប្រគល់ភារកិច្ចឱ្យក្រុមការងារមួយដឹកនាំដោយលោក ស៊ុន ចាន់ថុល ជាឧបនាយករដ្ឋមន្ត្រី និងលោកស្រី ចម និម្មល ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បើចាំបាច់ត្រៀមចេញដំណើរទៅសហរដ្ឋអាមេរិកធ្វើការចរចា» ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «កម្ពុជាត្រៀមឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដើម្បីដឹកនាំចរចានេះ ព្រោះវាជាសារសំខាន់ថា ជាការឱ្យតម្លៃខ្ពស់នៅក្នុងការចរចា ដើម្បីផលប្រយោជន៍ជាតិ ។

ការចាត់តាំងមន្ត្រីចូលចរចា គឺស្មើនឹងការឱ្យតម្លៃថា តើសំខាន់ប៉ុណ្ណា បើយើងមិនឱ្យតម្លៃ យើងត្រឹមចាត់តាំងប្រធានយកដ្ឋានមួយក៏បានដែរ ឬមួយអនុរដ្ឋលេខាធិការ ឬរដ្ឋលេខាធិការ តែនេះយើងចាត់ដល់ឧបនាយករដ្ឋមន្ត្រី ក្នុងរដ្ឋាភិបាល ក្រៅពីនាយករដ្ឋមន្ត្រី អស់ពីណាធំជាងឧបនាយករដ្ឋមន្ត្រីហើយ» ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានឆ្លើយតបទៅនឹងក្រុមប្រឆាំងមួយចំនួនដែលតាំងខ្លួនធ្វើជាអ្នកចេះ បើជ្រុលជាមើលងាយសមត្ថភាពរបស់សម្តេចទៅហើយ សូមឱ្យចំណាំច្បាស់ជាងសម្តេចផង ។ ក្នុងន័យនេះដែរ សម្តេចបវរធិបតី បានសង្កេតឃើញថា អ្នករិះគន់សម្តេច និងតាំងខ្លួនជាបណ្ឌិត សេដ្ឋកិច្ច ប៉ុន្តែបានប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត Ai ដើម្បីរៀបចំផែនការឱ្យទៅវិញ ។

សូមជម្រាបថា ការប្រកាសត្រៀមមន្ត្រីជាន់ខ្ពស់របស់កម្ពុជាចូលរួមចរចាជាមួយសហរដ្ឋអាមេរិកខាងលើនេះធ្វើឡើងបន្ទាប់ពីនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ មេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នៅកម្ពុជា ផ្ទុះការភ្ញាក់ផ្អើល ជុំវិញការធ្វើសន្និសីទ ស្តីពីការបញ្ជាក់ការឆ្លើយតបរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លើការតម្លើងពន្ធជាសកល ប្រមាណ៦០ប្រទេស ជុំវិញពិភពលោកដែលលោកត្រាំហៅថា «ទិវារំដោះ» ក្នុងនោះក៏មាន កម្ពុជាផងដែរ ត្រូវបានកំណត់ពន្ធនាំចូល៤៩% បន្ទាប់ពីរដ្ឋបាល Donald Trump រកឃើញថា គម្លាតរវាងការនាំទំនិញពីកម្ពុជា ចូលទៅកាន់សហរដ្ឋអាមេរិក មានគម្លាតឱន ភាពពាណិជ្ជកម្ម រហូតទៅដល់៩៧% ៕

ពត័មានពេញនិយម