សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "មានគេចោទថា មួយរយះនេះ ទំនាក់ទំនងកម្ពុជា ចិន ធ្លាក់ចះុ ដូច្នេះខ្ញ៉ំមិនបាច់បកស្រាយច្រើនទេ ឲ្យគេមើលពីសមិទ្ធផល និងលទ្ធផលជាក់ស្តែងទៅ។ នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារនិងហ្វឹកហ្វឺនកម្ពុជា ចិន-ផែរាម នាព្រឹកថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២៥នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ការសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារនិងហ្វឹកហ្វឺនកម្ពុជា ចិន-ផែរាម ធ្វើឡើងឡើងមុនប៉ុន្មានថ្ងៃ ដែលថ្ងៃខាងមុខនេះប្រធានាធិបតីចិន ស៊ី ជីនពីង អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា"។
សម្តេចបវរធិបតី បានបញ្ជាក់ថា "ការសម្រេចជាស្ថាពរនូវការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម និងការកសាងមជ្ឈ- មណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នា កម្ពុជា ចិន-ផែរាម មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ (កម្ពុជា-ចិន) ប៉ុណ្ណោះទេ គឺថែមទាំងជាការលើកកម្ពស់សមត្ថភាពការពារជាតិរបស់កម្ពុជា ក៏ដូចជា ការគិតគូរដល់ផលប្រយោជន៍ជាតិ, ធានាសន្តិសុខជាតិ, សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ស្របតាមបាវចនានៃគោលដៅជាយុទ្ធសាស្ត្រលើវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺ «សន្តិសុខ ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការអន្តរជាតិ» ៕