កម្ពុជា សម្រេចបានការធ្វើទំនើបភាវូបនីយកម្មយោធា និង បង្កើនសមត្ថភាពវិជ្ជាជីវៈ

17 ម៉ោងមុន

រាជធានីភ្នំពេញ៖ ស្របពេលបណ្ដាប្រទេសនានា នៅលើពិភពលោក បង្កើននូវការចំណាយលើវិស័យការពារជាតិ រហូតដល់២,៤៦ទ្រីលលាន ឬពាន់ពាន់លានដុល្លារនោះ ប្រទេសកម្ពុជា ក៏បានធ្វើទំនើបភាវូបនីយកម្មលើកងទ័ព និង បង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនផងដែរ។

លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ ថា«៖មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នឹងក្លាយជាកេរមរតកប្រវត្តិសាស្ត្រ នៃទំនាក់ទំនងប្រពៃណីដ៏ស៊ីជម្រៅ រវាងរដ្ឋាភិបាល និងយោធាកម្ពុជា-ចិន សម្រាប់ពង្រឹងសមត្ថភាពដល់កងទ័ពជើងទឹករបស់ខ្លួន។ នេះជាវិស័យអាទិភាព សម្រាប់កំណែទម្រង់ដល់កងកម្លាំងយោធា នៅក្នុងយុទ្ធសាស្ត្រការពារជាតិ ដើម្បីសម្រេចបាននូវការលើកកម្ពស់ទំនើបភាវូនីកម្មដល់កងទ័ពជើងទឹក និង ការបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់កងទ័ព សម្រាប់បន្តការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានមានប្រសាសន៍ នៅឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលភស្តុភារ និង ហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ថា កងទ័ពជើងទឹក ត្រូវតែយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺន និង ល្បាតក្នុងដែនទឹក និង តាមបណ្ដាកោះឆ្នេររបស់ខ្លួន។ ទន្ទឹមគ្នានេះដែរ ក្រសួងការពារជាតិ ត្រូវតែយកចិត្តទុកដាក់ដល់ការងារកំណែទម្រង់កងយោធពលខេមរភូមិន្ទ កសាង និង អភិវឌ្ឍធនធានមនុស្ស សម្ភារៈ និងមធ្យោបាយ សម្រាប់បម្រើដល់វិស័យ ការពារជាតិ ហើយត្រូវបន្តពង្រឹងការងារហ្វឹកហ្វឺន រៀនសូត្រ បណ្តុះបណ្តាល កសាងប្រភពកម្លាំងក្នុងជួរកងទ័ព ទាំងបរិមាណ និង គុណភាព សម្រាប់បម្រើដល់វិស័យការពារជាតិឲ្យមានប្រសិទ្ធភាពខ្ពស់៕

ពត័មានពេញនិយម