រាជធានីភ្នំពេញ៖ បុរសចំនួន៣នាក់ បានជិះម៉ូតូចំនួន២គ្រឿង ជ្រុលចង្កូតទៅបុកគ្នាយ៉ាងពេញទំហឹង ដួលបោកទៅថ្នល់ បណ្ដាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង ២ផ្សេងទៀតរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១០ និង៤៤ នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ នៅចំណុចទល់មុខបុរីពិភពថ្មី៣ តាមផ្លូវលេខ១០៤ ស្ថិតភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ ជិះម៉ូតូ ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកកលេខ ភ្នំពេញ 1AJ-0169 បញ្ច្រាសទិសគ្នាជាមួយនឹងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IJ-7579 តាមបណ្ដោយផ្លូវលេខ១០៤។ លុះពេលម៉ូតូទាំង២គ្រឿង បានបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង ២នាក់ផ្សេងទៀតរងរបួសធ្ងន់-ស្រាល។ រីឯម៉ូតូទាំង២គ្រឿង បានខូចខាតយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង រួចហើយយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នា នាពេលក្រោយ។ បន្ទាប់មក សមត្ថកិច្ច បានធ្វើកំណត់ហេតុ និងប្រគល់សពដល់ក្រុមរថយន្ដសាមុយ ដឹកទៅកម្កល់ទុក នៅវត្តសំបូរមាស ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកធ្វើបុណ្យ។ ដោយអ្នករងរបួស ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ៕