រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក្រើនរម្លឹកដល់អ្នកកាសែត អំពីវិជ្ជាជីវៈរបស់ខ្លួន

15 ម៉ោងមុន

រាជធានីភ្នំពេញ៖ អ្នកសារព័ត៌មាន ពិតជាមានតួនាទីយ៉ាងសំខាន់ សម្រាប់ការចូលរួមដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ដោយពួកគាត់ជាអ្នកផ្ដល់ដំណឹងពិតប្រាកដ និង ត្រឹមត្រូវទៅដល់ប្រជាពលរដ្ឋ។

លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ កាលពីព្រឹក ថ្ងៃចន្ទទី៧ ខែមេសា ឆ្នាំ២០២៥ ថា អ្នកសារព័ត៌មាន ជាអ្នកផ្តល់ព័ត៌មានពិត ហើយនឹងធ្វើឱ្យប្រជាពលរដ្ឋ មានមូលដ្ឋាន លើការសម្រេចចិត្តដ៏ត្រឹមត្រូវ។ អ្នកសារព័ត៌មាន គឺមិនបង្កើតព័ត៌មានក្លែងក្លាយ មិនផ្សព្វផ្សាយ និង មិនចែករំលែកព័ត៌មានក្លែងក្លាយនោះឡើយ

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ ថា បើតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ផ្នែកទី៣ ទាក់ទងនឹងសុក្រឹតភាព នៃព័ត៌មាន ចែងថា៖
១-អ្នកអនុវត្តសកម្មភាព នៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ (រួមទាំងអ្នកសារព័ត៌មានអាជីព អ្នកផលិតមាតិកា អ្នកសរសេរប្លុក អ្នកសារព័ត៌មានគ្មានអង្គភាព អ្នកសារព័ត៌មានពលរដ្ឋ អ្នកមានប្រជាប្រិយលើបណ្តាញសង្គមជាដើម) ត្រូវឈរលើការពិត និង បង្ហាញព័ត៌មានពិត ចៀសវាងនូការផ្សាព្វផ្សាយដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ព័ត៌មាននាំឲ្យមានការភ័ន្ដច្រឡំ ព័ត៌មានមានលក្ខណៈខុសពីការពិត។

២-អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មានត្រូវ (ក) ចូលរួមទប់ស្កាត់ ប្រឆាំងនឹងការផលិត និងផ្សព្វផ្សាយដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ (ខ) ផ្សាយតែព័ត៌មានពិត មានប្រភពច្បាស់លាស់ និង បានផ្ទៀងផ្ទាត់ប្រភពត្រឹមត្រូវ (គ) ផ្ទៀងផ្ទាត់ឡើងវិញ និងកែតម្រូវក្នុងករណីបានចុះផ្សាយខុស ឬផ្សាយដោយភ័ន្ដច្រឡំ (គ) រក្សាការសម្ងាត់នៃប្រភព (ឃ) ធានាតុល្យភាពព័ត៌មាន ប្រកបដោយសច្ចភាព យុត្តិធម៌ និង មិនលម្អៀង។

៣-អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ត្រូវចៀសវាង (ក) ការចុះផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬចោទប្រកាន់ដែលមិនមានភស្តុតាងគ្រប់គ្រាន់ និងច្បាស់លាស់ (ខ) កាឡៃព័ត៌មានតាមរូបភាពណាមួយ ដែលធ្វើឱ្យប្រាសចាកន័យដើម (គ) បញ្ចេញមតិផ្ទាល់ខ្លួនឈរលើបុរេវិនិច្ឆ័យ (ឃ) ច្របល់គ្នា រវាងការពិតដែលជាអង្គហេតុ និងការយល់ឃើញដែលជាទស្សនៈផ្ទាល់ខ្លួន (ង) កែប្រែព័ត៌មាន រូបភាព ឬវីដេអូ លុបបំបាត់ចោលផ្នែកព័ត៌មានសំខាន់ៗ ឬបន្លំឯកសារផ្សេងៗ៕

ពត័មានពេញនិយម