បុរសម្នាក់ផឹកស្រាស្រវឹង បង្កជម្លោះវាយតប់ប្រពន្ធ ផ្អើលបណ្ដាញសង្គម

02-មេសា-2025 - ម៉ោង 12:30:PM

ខេត្តរតនគិរី៖ បុរសម្នាក់បានផឹកស្រាស្រវឹង បង្កជម្លោះនៅក្នុងគ្រួសារ និងបានប្រើប្រាស់អំពើហិង្សា វាយតប់ទៅលើប្រពន្ធ បណ្ដាលឲ្យរងរបួស ហើយត្រូវបានគេថតបង្ហោះ នៅតាមបណ្ដាញសង្គម ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួន នាំទៅចាត់ការតាមច្បាប់។

មន្រ្ដីនគរបាលស្រុកបកែវ បានឲ្យដឹង ថា កាលពីវេលាម៉ោង៤ និង ៣០នាទីល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ មានអំពើហិង្សាមួយករណី បានកើតឡើង នៅក្នុងភូមិប៉ាអរ ឃុំកិះចុង ស្រុកបកែវ ខេត្តរតនគិរី។ ករណីហិង្សាដោយចេតនានេះ បានបង្កឡើង ដោយបុរសជាប្ដីផឹកស្រាស្រវឹង បានវាយតប់ទៅលើប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យរងរបួស ហើយត្រូវបានគេថត យកមកបង្ហោះ នៅតាមបណ្ដាញសង្គម។

ប្រភពដដែល បានបន្ដ ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ នគរបាលស្រុកបកែវ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកិះចុង ចុះទៅឃាត់ខ្លួនបុរសជាប្តី ក្រោមការសម្របសម្រួលនីតិវិធី ពីលោក ឡេង លីណា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី។ជនសង័្សយជាប្ដី ឈ្មោះ ទីង ជឿន អាយុ៥៦ ជនជាតិទំពួន មានមុខរបរមិនពិតប្រាកដ។ រីឯ ជនរងគ្រោះ ឈ្មោះ រចំ ហែន អាយុ៣០ឆ្នាំ ជនជាតិទំពួន មានមុខរបរជាកសិករ។ ពួកគេទាំង២នាក់ប្ដីប្រពន្ធ រស់នៅភូមិប៉ាអរ ឃុំកិះចុង ស្រុកបកែវ ខេត្តរតនគិរី។

ជនសង័្សយ បានសារភាព ថា គាត់ពិតជាបានផឹកស្រាស្រវឹង ហើយបានប្រព្រឹត្តអំពីហិង្សាវាយតប់ទៅលើប្រពន្ធប្រាកដមែន។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនជនសង័្សយ ទៅកាន់អធិការដ្ឋាននគរបាលស្រុកបកែវ ដើម្បីចាត់ការតាមច្បាប់។ ដោយឡែក ស្រ្ដីរងគ្រោះជាប្រពន្ធ កំពុងតែសម្រាកព្យាបាល នៅមណ្ឌលសុខភាពឃុំកិះចុង។ ស្របគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី រួមជាមួយលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី បានជួយឧបត្ថម្ភថវិកា ចំនួន២លានរៀល ជូនដល់ជនរងគ្រោះ សម្រាប់ថែទាំសុខភាព និង ថវិកា២លានរៀលផ្សេងទៀត សម្រាប់ឧបត្ថម្ភដល់កងកម្លាំងសមត្ថកិច្ច តាមរយៈលោកអធិការនគរបាលស្រុកបកែវ៕

ពត័មានពេញនិយម