អាជ្ញាធររាជធានីភ្នំពេញ ជូនដំណឹងអំពីការបញ្ចៀសចរាចរយានយន្ត នៅថ្ងៃទី២៤កញ្ញា

21-កញ្ជា-2024 - ម៉ោង 11:07:AM

 

រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដើម្បីបញ្ចៀសនូវចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន សម្រាប់ព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ នៅក្នុងសេចក្ដីណែនាំរបស់ខ្លួន កាលពីថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២៤ ថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាប ថា នៅថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅទីតាំងសួនច្បារខាងលិចវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ដើម្បីឱ្យព្រះរាជពិធីសម្ពោធខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច នឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ នៅតំបន់ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសុរាម្រឹត កំណាត់មហាវិថីព្រះសីហនុ (ពីស្តុបវត្តលង្កា រហូតដល់ស្តុបនាគបាញ់ទឹក) និងកំណាត់មហាវិថីព្រះនរោត្តម (ពីផ្លូវលេខ២៤០ រហូតដល់ រង្វង់មូលវិមានឯករាជ្យ និងពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ផ្លូវលេខ២៩៤) ចាប់ពីវេលាម៉ោង៥ព្រឹក រហូតដល់បញ្ចប់ព្រះរាជកម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និង បញ្ចៀសនូវការធ្វើដំណើរឆ្លងកាត់ តាមកំណាត់មហាវិថីខាងលើដោយក្ដីអនុគ្រោះ៕

ពត័មានពេញនិយម