រាជធានីភ្នំពេញ៖ ក្រោយពេលលោកនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវរថយន្ដពាក់ស្លាកលេខរបស់កងទ័ព អូសក្បួនដឹកអ្នកលក់ឡេទៅស៊ីការនៅតាមខេត្តនោះមក ឥឡូវមន្រ្ដីអាវុធហត្ថ បានកោះហៅអ្នកពាក់ព័ន្ធ ចូលមកបំភ្លឺ និង ចាត់ការតាមនីតិវិធី។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៥ បានឲ្យដឹង ថា ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរព ជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន អំពីការស្រាវជ្រាវរបស់កងរាជអាវុធហត្ថ ទៅលើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 ដូចខាងក្រោម៖
១-តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញបានស្រាវជ្រាវ និង ចុះទៅដល់លំនៅឋានរបស់បុគ្គល ពាក់ព័ន្ធនឹងរថយន្តស៊ីរ៉ែនអូសក្បួននោះ ហើយបានកោះអញ្ជើញបុគ្គលពាក់ព័ន្ធ មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបំភ្លឺ។
២-ក្រោយពីបានស្តាប់ដំណើររឿង និង អង្គហេតុរួចមក កម្លាំងជំនាញកងរាជអាវុធហត្ថ បានអប់រំបុគ្គលពាក់ព័ន្ធឱ្យយល់ដឹង អំពីការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស សិទ្ធិអាទិភាពធ្វើចរាចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង បានឲ្យធ្វើកិច្ចសន្យា កុំឱ្យប្រព្រឹត្តទង្វើបែបនេះតទៅទៀត ជាពិសេស ត្រូវចូលរួមគោរពច្បាប់ និង លិខិតបទដ្ឋានគតិយុត្តនានា។
៣- ចំពោះម្ចាស់រថយន្តស៊ីរ៉ែន ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 បានប្រគល់ជូនអង្គភាពសាមី ដើម្បីចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យកងទ័ព។
កងរាជអាវុធហត្ថ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមផ្តល់មតិ នៅក្នុងន័យស្ថាបនា និង ការផ្តល់ព័ត៌មាន នាពេលកន្លងទៅ៕