ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍ ខ្នាតធំជាងគេក្នុងរាជធានីភ្នំពេញ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា, អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងមានការអញ្ជើញចូលរួមពី លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ ។
ជាមួយគ្នានោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ក៏បានដឹកនាំក្រុមការងារសមាគម និងសិល្បករចូលរួមនៅក្នុងកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ២០២៤នេះផងដែរ។
លោក មាន សំអុល នាយកគ្រប់គ្រងការអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍តាំងពិព័រណ៍អាពាហ៍ពិពាហ៍ ដែលមានលក្ខណៈខ្នាតធំជាងគេនៅក្នុងរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០២៤នេះ ដោយប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ នៅទីតាំង អគារមង្គលការ ដឺ ព្រេមៀសេនធ័រ សែនសុខ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ។
គួរបញ្ជាក់ថា ពិព័រពិព័រណ៌អាពាហ៍ពិពាហ៍ឆ្នាំ2024 គឺជាព្រឹត្តិការណ៍មួយ បានចូលរួមផ្សព្វផ្សាយពីវប្បធម៌ និង ប្រពៃណី អាពាហ៍ពិពាហ៍ខ្មែរ ដែលជាអត្តសញ្ញាណរបស់ជាតិ។ ពិព័រណ៌នេះក៏មានតាំងបង្ហាញនូវការផ្ដល់សេវាកម្មអាពាហ៍ពិពាហ៍ ដែលមានទាំងសម្អាងការ ពិធីការ ចុងភៅ ការតុបតែង គ្រឿងអលង្ការ ព្រមទាំងសេវាកម្មជាច្រើនទៀតដែលពាក់ព័ន្ធ នឹងពិធីរៀបមង្គលការ។
នៅក្នុងបរិយាកាសដ៏រីករាយនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍លើកឡើងនូវសំណើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផងដែរ នោះគឺស្នើឱ្យបង្កើតសារមន្ទីរសម្លៀកបំពាក់ប្រពៃណីខ្មែរ និងគ្រឿងតុបតែងកាយ ដើម្បីចងក្រងនូវវប្បធម៌ប្រពៃណីនៃការស្លៀកពាក់តាមក្បួនខ្នាតខ្មែរឱ្យបានត្រឹមត្រូវ ។
ទន្ទឹមនឹងគ្នានោះ លោកជំទាវ ម៉ៅ ចំណាយ គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផងដែរ ព្រោះសារមន្ទីរនោះ នឹងបានផ្តល់ព័ត៌មានយ៉ាងច្បាស់លាស់ដល់កូនចៅខ្មែរជំនាន់ក្រោយពីវប្បធម៌ប្រពៃណី ការស្លៀកពាក់ និងគ្រឿងតុបតែងនៅក្នុងសម័យកាលនីមួយៗ ពោលគឺមិនមានការយល់ច្រលំបន្តទៀតឡើយ៕