កម្មករម្នាក់ ជិះម៉ូតូលឿន បុកចូលពីក្រោមរថយន្ដកុងតឺន័រ

20-កញ្ជា-2024 - ម៉ោង 04:04:PM

 

ខេត្តកំពង់ស្ពឺ៖ រថយន្ដកុងតឺន័រមួយគ្រឿង បានបើកដឹកទំនិញចេញពីរោងចក្រ បត់ឆ្លងផ្លូវមិនប្រយ័ត្ន ធ្វើឲ្យកម្មករម្នាក់ ជិះម៉ូតូមកដល់ ចាប់ហ្វ្រាំងមិនទាន់ ក៏បុកចំពាក់កណ្ដាល ចូលទៅក្រោមរថយន្ដ បណ្ដាលឲ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលឡើង កាលពីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងរកា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេត មានកម្មករម្នាក់ បានជិះម៉ូតូយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ៤។ ស្របគ្នានោះ ក៏មានរថយន្ដកុងតឺន័រមួយគ្រឿង បានបើកចេញពីរោងចក្រ។ លុះពេលជនរងគ្រោះបានបើកម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដបានបត់ចូលមករកផ្លូវជាតិលេខ៤ ធ្វើឲ្យអ្នកជិះម៉ូតូចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្ដ អូសជាប់ពីក្រោម បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ។ បន្ទាប់មក សមត្ថកិច្ចបានចុះទៅវាស់វែង រួចហើយបានចាត់ការតាមនីតិវិធី៕

ពត័មានពេញនិយម