ជាងកាត់សក់ម្នាក់ ផឹកស៊ី​ជួបជុំមិត្តភក្ដិពីយប់ ព្រឹកឡើងរឹងស្ដូក

20-កញ្ជា-2024 - ម៉ោង 04:02:PM

រាជធានីភ្នំពេញ៖ ជាងកាត់សក់ម្នាក់ មានអារម្មណ៍មិនស្រួលខ្លួន ហើយបានផឹកស្រាជុំមិត្តភក្ដិ ស្រាប់តែដេកស្លាប់តែម្នាក់ឯង ហើយត្រូវបានគេប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងតូបកាត់សក់មួយកន្លែង តាមផ្លូវរោងចក្រសាន់ស្កាយ ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា ជនរងគ្រោះ ឈ្មោះ សំណាង អាយុ៤២ឆ្នាំ មុខរបរជាជាងកាត់សក់ ហើយគាត់ជាបុរសពោះម៉ាយ និង មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ជនរងគ្រោះបានស្នាក់នៅក្នុងតូបកាត់សក់របស់គាត់តែម្នាក់ឯង។ ប៉ុន្ដែកាលពី៤ទៅ៥ថ្ងៃមុននេះ ជនរងគ្រោះមិនបានកាត់សក់ឱ្យភ្ញៀវនោះទេ ព្រោះគាត់ប្រាប់ ថា អត់ស្រួលខ្លួន។ លុះមកដល់យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ គាត់បានទៅផឹកស៊ីជាមួយមិត្តភក្ដិ១ក្រុម រហូតយប់ជ្រៅ ទើបបែកគ្នា។ រីឯមិត្តភក្ដិបាននាំគ្នាទៅផ្ទះរៀងៗខ្លួន ខណៈគាត់បានដេកនៅក្នុងតូបកាត់សក់តែម្នាក់ឯង។ ប៉ុន្ដែរហូតមកដល់វេលាទៀតភ្លឺ ទើបមានគេឮសូរស្រែកឱ្យអ្នកជិតខាងជួយ តែគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍។

ប្រភពពដដែល បានបន្ត ថា លុះព្រឹកថ្ងៃទី២០ ខែកញ្ញា ម្ចាស់ផ្ទះជួលក៏បានស្រែកហៅជាងកាត់សក់ ប៉ុន្តែអត់ឮឆ្លើយ ទើបគាត់បានទៅគាស់ទ្វារក្រោយមើល ក៏ឃើញជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចស្រែកឆោឡោឡើង ហើយរាយការណ៍ជូនសមត្ថកិច្ច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលបច្ចេកទេស និង វិទ្យាសាស្រ្ត នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះទៅធ្វើកោសល្យវិច័យ និង ប្រគល់សាកសពដល់ក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ពត័មានពេញនិយម