អាគារចំណាស់មួយនៅកែងមហាវិថីព្រះមុន្នីវង្ស ដែលបានសាងសង់តាំងពីទសវត្សរ៍ឆ្នាំ 1950 ដែលមានឈ្មោះថា អង្គរមានជ័យ ពេលនេះពលរដ្ឋស្នាក់នៅក្នុងអាគារបានឯកភាពទទួលយកដំណោះស្រាយគោលនយោបាយចាកចេញដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ។
បើតាមការអះអាងរបស់លោក សាយ សំអាលបានបង្ហោះដោយសរសេររៀបរាប់នៅលើគណនេយ្យហ្វេសប៊ុករបស់លោកថាក្រុមការងារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានជួបពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅអាគារអង្គរមានជ័យពួកគាត់បានឯកភាពទទួលយកដំណោះស្រាយគោលនយោបាយចាកចេញពីអាគារអង្គរមានជ័យដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសា។
បើតាមលោកអភិបាលខណ្ឌប្រាំពីរមករាបានបញ្ជាក់យ៉ាងខ្លីថា ការងារនេះក្រសួងរៀបចំដែនដីកំពុងដុតដៃដុតជើងធ្វើការសម្របសម្រួលជាមួយពលរដ្ឋ។
កន្លងទៅរដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីណែនាំពីស្ថានភាពចាស់ទ្រុឌទ្រោមនៃអគារដែលបានសាងសង់ក្នុងអំឡុងឆ្នាំ 1950 ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្សនិងមហាវិថីកម្ពុជាក្រោមទល់មុខអាគារពាណិជ្ជកម្មផ្សារទំនើបប៊ីអេស បច្ចុប្បន្នជាអាគារ វីង tower ។
ក្នុងសេចក្តីជូនដំណឹងអាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញបានណែនាំឲ្យប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មទាំងអស់ដែលកំពុងស្នាក់នៅលើអគារសហកម្មសិទ្ធិដែលមានទីតាំងស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុន្នីវង្ស នឹងមហាវិថីកម្ពុជាក្រោម ស្ថិតនៅខណ្ឌ 7 មករា ពីស្ថានភាពនៃអគារដែលមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងគួរឲ្យព្រួយបារម្ភដោយសារតែសំណង់ខ្វះការថែទាំជួសជុលឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសអស់រយៈពេលជាយូរឆ្នាំដែលជាហេតុធ្វើឲ្យអាគារទាំងមូលទទួលរងការខូចខាតប្រះស្រាំជាច្រើនកន្លែងជាពិសេសគ្រឿងបង្គំសំណង់មានសភាពពុកផុយខូចអស់ប្រមាណ 50% អាចបណ្តាលអោយរលំបាក់ស្រុតនៅពេលណាមួយ ។
ដើម្បីបង្ការនឹងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញណែនាំអោយប្រជាពលរដ្ឋទាំងអស់ដែលស្នាក់នៅលើអគារត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើត្រូវការជួសជុលត្រូវស្វែងរកក្រុមហ៊ុនឬវិស្វករដែលមានជំនាញច្បាស់លាស់ ហើយករណីទ្រុឌទ្រោមខ្លាំងមិនអាចជួសជុលបានត្រូវធ្វើការផ្លាស់ប្ដូរទៅលំនៅដ្ឋានថ្មីដែលមានសុវត្ថិភាព។